ចាប់ខ្លួនជនជាតិចិន ៨នាក់ និងជនជាតិម៉ាឡេស៊ី១នាក់បទល្មើសអនឡាញខុសច្បាប់ នៅក្នុងបុរីប៉េងហួតច្បារអំពៅ
ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនជាតិចិនចំនួន ៨នាក់ និងជនជាតិម៉ាឡេស៊ីចំនួន១នាក់ កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ និងបានដកហូតវត្ថុតាងបច្ចេកទេសមួយចំនួន រួមមាន ទូរសព្ទដៃ ២៤៧គ្រឿង, កុំព្យូទ័រ All in One ៨គ្រឿង, ធុង CPU ២គ្រឿង និងម៉ូនីទ័រ ២គ្រឿង។
ក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញធ្វើឡើងក្រោមការបញ្ជាដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ទីតាំងខាងលើគឺជាកន្លែងដំណើរការល្បែងស៊ីសងអនឡាញ ដែលមានគោលដៅបោកបញ្ឆោតទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមមាន ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន។
បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត៕