ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែលប្រកាសថា បានសម្លាប់មេបណ្តាញចារកម្មសម្ងាត់អ៊ីរ៉ង់ នៅក្នុងការវាយប្រហាររបស់ខ្លួន

image

អ៊ីស្រាអ៊ែល៖ នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងតែលអាវីវ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល លោកអ៊ីស្រាអ៊ែល ខាត់ (Israel Katz) បានប្រកាសថា ប្រធានមន្ត្រីចារកម្មសម្ងាត់អ៊ីរ៉ង់ លោក អ៊ីស្ម៊ែល ខាទីប (Esmaeil Khatib) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល លើទីក្រុងតេហ៍រ៉ង់ ។

លោក Katz និយាយថា «រដ្ឋមន្ត្រីចារកម្មសម្ងាត់អ៊ីរ៉ង់រូបនេះ គឺជាអ្នករៀបចំផែនការគំរាមកំហែងដល់អ៊ីស្រាអ៊ែល និងបណ្តាប្រទេសក្នុងតំបន់» ។ លោក Katz បានបញ្ជាក់ជាថ្មីនូវការសន្យារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ អំពីរឿងភ្ញាក់ផ្អើលផ្សេងៗទៀតដែលនឹងកើតមានក្នុងសង្គ្រាមនេះ ។

លោក Katz បន្ថែមថា លោក និងលោកនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យកងទ័ពអ៊ីស្រាអ៊ែល (IDF) កម្ចាត់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រូបណាក៏បាន ឱ្យតែរកឃើញទីតាំងច្បាស់លាស់ ដោយមិនចាំបាច់សុំការអនុញ្ញាតម្ដងទៀតឡើយ ។

ដោយឡែក ភាគីអ៊ីរ៉ង់ឯណោះវិញ មិនទាន់បានបញ្ជាក់ពីមរណភាពនេះនៅឡើយទេ ប៉ុន្តែកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានរាយការណ៍ពីការបាញ់ស្រោចមីស៊ីលយ៉ាងខ្លាំងលើអ៊ីស្រាអ៊ែល ដើម្បីសងសឹកជូនលោក អាលី ឡារីយ៉ានី (Ali Larijani) និងសហការីផ្សេងទៀត ដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Vahid Salemi/AP)