ព័ត៌មានអន្តរជាតិ

នាវាដឹកឧស្ម័នទី២របស់ឥណ្ឌា ឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព ក្រោមកិច្ចសម្របសម្រួលជាមួយអ៊ីរ៉ង់

image

ឥណ្ឌា៖ នាវាណាន់ដា ទេវី (Nanda Devi) ជានាវាដឹកឧស្ម័នទីពីររបស់ឥណ្ឌា ដែលបានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស និងបានមកដល់កំពង់ផែក្នុងរដ្ឋគូចារ៉ាត់ (Gujarat) ដោយសុវត្ថិភាព កាលពីថ្ងៃទី១៧ ខែមីនា ជាមួយនឹងឧស្ម័នជាង ៤ម៉ឺនតោន។ ជោគជ័យនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងសន្តិសុខរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីធានាថា ការផ្គត់ផ្គង់ថាមពលក្នុងស្រុកមិនត្រូវបានកាត់ផ្ដាច់ ទោះបីជាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងរីករាលដាលខ្លាំងក៏ដោយ ។

ដំណើរធ្វើនាវាចរណ៍ឆ្លងកាត់តំបន់ជម្លោះនេះ មិនមែនធ្វើឡើងដោយឯកឯងនោះទេ គឺមានការសម្របសម្រួល និងការពារពីកងទ័ពជើងទឹកទាំងខាងឥណ្ឌា និងខាងអ៊ីរ៉ង់។ ការណ៍នេះ បង្ហាញពីទំនាក់ទំនងយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីការពារនាវាពាណិជ្ជកម្ម និងនាវិករាប់រយនាក់ដែលកំពុងជាប់គាំងនៅក្នុងតំបន់ឈូងសមុទ្រ ។

ច្រកសមុទ្រហ័រមូសនៅតែជាចំណុចក្ដៅគគុកបំផុត ដោយសារតែទីតាំងខាងលើ គឺជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០% នៃតម្រូវការសកល។ ការបិទខ្ទប់ ឬការវាយប្រហារណាមួយនៅតំបន់នេះ នឹងធ្វើឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់ខ្លាំង ដែលជាហេតុធ្វើឱ្យប្រទេសនាំចូលធំៗដូចជាឥណ្ឌា ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការការពាររាល់ក្បួននាវាដឹកជញ្ជូនរបស់ខ្លួន ។

ស្ថានភាពសន្តិសុខកាន់តែមានភាពមិនច្បាស់លាស់ បន្ទាប់ពីការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែល បានធ្វើឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ និងការចូលរួមពីក្រុមហេសបូឡាហ៍។ ភាពវឹកវរនៃសង្គ្រាមនេះ បានធ្វើឱ្យកិច្ចការពារនាវាដឹកជញ្ជូនតាមផ្លូវសមុទ្រ ក្លាយជាអាទិភាពខ្ពស់បំផុតសម្រាប់ស្ថិរភាពសេដ្ឋកិច្ចរបស់ឥណ្ឌា និងពិភពលោកទាំងមូល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Deendayal_Port/X via PTI on Mint & The Hindu