ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាម៉េរិក និយាយថា មន្ត្រីដែលមិនគាំទ្រនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា អាចលាលែងពីតំណែងបាន

image

សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេឌី វែន (JD Vance) កាលពីថ្ងៃពុធ បានលើកឡើងថា វាជារឿងល្អ ដែលមន្ត្រីលាលែងពីតំណែង បើពួកគេមិនគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ចូ ឃែន (Joe Kent) អតីតប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ បានចុះចេញពីតំណែង ដើម្បីបង្ហាញពីការប្រឆាំងចំពោះការចូលជ្រៀតជ្រែកយោធារបស់ក្រុងវ៉ាស៊ីនតោន លើប្រទេសអ៊ីរ៉ង់ ។

ថ្លែងនៅទីក្រុង អ៊ូបឺន ហៀលស៍ (Auburn Hills) រដ្ឋមីឈីហ្គែន លោក វែន បានសង្កត់ធ្ងន់ថា «នៅពេលប្រធានាធិបតីសម្រេចចិត្ត វាជាតួនាទីរបស់អ្នកក្នុងការជួយឱ្យការសម្រេចចិត្តនោះមានប្រសិទ្ធភាព និងជោគជ័យបំផុត តែបើអ្នកនៅក្នុងក្រុម ដោយមិនអាចជួយអនុវត្តការសម្រេចចិត្តរបស់រដ្ឋាភិបាលបានទេ នោះការលាលែងពីតំណែងជារឿងល្អបំផុត»។ លោកបន្ថែមថា អាម៉េរិកមិនចង់ឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ ហើយលោកប្រធានាធិបតី ក៏មិនចង់ឱ្យអាម៉េរិកធ្លាក់ចូលទៅក្នុងសង្គ្រាមរ៉ាំរ៉ៃដូចកាលពីមុនដែរ ។

ចំពោះបញ្ហាតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់ លោក វែន បាននិយាយលួងចិត្តប្រជាជនអាម៉េរិកថា វាគ្រាន់តែជាការឡើងថ្លៃមួយឆាវ ដែលបង្កឡើងដោយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះ ហើយវានឹងមិនអូសបន្លាយរហូតនោះទេ ។

ក្រៅពីនេះ លោកបានរិះគន់ប្រទេសកាណាដា ឱ្យយកចិត្តទុកដាក់លើវិស័យការពារជាតិខ្លួនឯងឱ្យបានច្រើនជាងមុន កុំពឹងផ្អែកលើអាម៉េរិកខ្លាំងពេក។ គួររំឭកថា សង្គ្រាមដែលបានផ្ទុះឡើងតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ បានបណ្តាលឱ្យភាគីអ៊ីរ៉ង់ មានមនុស្សស្លាប់ជាង ១,៤០០ នាក់ ខណៈយោធាអាម៉េរិក ទទួលស្គាល់ថា ភាគីអាម៉េរិក មានអ្នកស្លាប់ចំនួន ១៣ នាក់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (REUTERS/Alaa Al-Marjani)/ Iran News Wire