ជនភៀសសឹក ជាង ៨០០គ្រួសារ បានចាប់ឆ្នោតរេីសក្បាលដី និងផ្ទះ ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន នាខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី ជូនដល់ជនភៀសសឹក ដើម្បីចូលរស់នៅជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ពិធីនេះ មានការអញ្ជេីញចូលរួមជាអធិបតីភាពពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីលោក ប្រាក់ ដាវីដ អនុប្រធានក្រុមការងាររាជដ្ឋបាលភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល តែងគិតពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសជនភៀសសឹក ដែលកំពុងរស់នៅជំរុំបណ្ដោះអាសន្ន។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងខិតខំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ហេីយលោក អរគុណប្រជាពលរដ្ឋ ដែលជឿជាក់ទៅលើរបស់រដ្ឋាភិបាលលើកិច្ចការងារដោះស្រាយបញ្ហាព្រំដែននេះ។
លោកអភិបាលខេត្ត បន្តថា “ជម្រកបណ្ដោះអាសន្នផ្ទះអតីតយុទ្ធជន ដែលបងប្អូនស្នាក់នៅ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទឹក និងមានភ្លើងប្រេីប្រាស់គ្រប់គ្រាន់។ហេីយដេីម្បីជួយសម្រួលដល់បងប្អូនជនភៀសសឹក រាជរដ្ឋាភិបាល ជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង ជូនបងប្អូន រយៈពេលពេញមួយឆ្នាំ (ដោយកំណត់មួុយខ្នងផ្ទះប្រេីប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)។”
សូមបញ្ជាក់ថា ជាជំហានដំបូងនៃការចាប់ឆ្នោតជ្រេីសរេីសក្បាលដីផ្ទះ ត្រូវបានជ្រើសរើសយកពីរភូមិ ដំបូង ក្នុងមានភូមិបន្ទាយមានរិទ្ធ ចំនួន៥០៤គ្រួសារ និងភូមិសាមគ្គី៣១៨គ្រួសារ។ ចំពោះផ្ទះអតីតយុទ្ធ ដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន មានផ្ទៃដីទំហំ ២០គុណ៣០ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកប្រេីប្រាស់ផងដែរ។
បច្ចុប្បន្ន ក្រុមការងារ កំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធ ដែលត្រៀមឱ្យជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ខ្នងផ្ទះហេីយ តាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣០០០ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕