ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៣.០ រ៉ិចទ័រ កើតឡើងនៅខេត្តឈៀងរ៉ៃ និងឈៀងម៉ៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

image

ឈៀងរ៉ៃ៖ គ្រោះរញ្ជួយដីកម្រិត ៣.០ រ៉ិចទ័រ បានកើតឡើងនៅក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីម៉ោង៥:៣១ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ (ទី១៩ មីនា ២០២៦) នេះ។ គ្រោះរញ្ជួយនេះមានចំណុចកណ្ដាលនៅក្នុងស្រុកម៉ែសួយ ក្នុងជម្រៅ ២ គីឡូម៉ែត្រ ដោយធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ និងស្រុកក្បែរខាង ដូចជា ស្រុកម៉ែឡាវ និងស្រុកមឿង ព្រមទាំងស្រុកសានសៃ ក្នុងខេត្តឈៀងម៉ៃ អាចដឹងពីការរំញ័រយ៉ាងច្បាស់នៅពេលកំពុងសម្រាក ។

មន្ត្រីជំនាញបញ្ជាក់ថា មូលហេតុចម្បងនៃការរញ្ជួយដីនេះ ក៏ដោយសារការប្រែប្រួល និងការផ្លាស់ទីនៃខ្សែបន្ទាត់រញ្ជួយដីសកម្ម «ម៉ែឡាវ»។ ខ្សែបន្ទាត់នេះគឺជាតំបន់ដែលមានសម្ពាធដីខ្លាំង និងធ្លាប់បង្កឱ្យមានការរញ្ជួយជាញឹកញាប់នៅក្នុងភូមិសាស្ត្រខេត្តឈៀងរ៉ៃ ដែលតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរ ។

ទោះបីជាការរំញ័រនេះបានសាយភាយរហូតដល់ខេត្តឈៀងម៉ៃក៏ដោយ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរមិនទាន់ទទួលបានព័ត៌មានអំពីការខូចខាតអគារ ផ្ទះសម្បែង ឬមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ផ្នែកសង្កេតការណ៍រញ្ជួយដីនៅតែបន្តតាមដានស្ថានភាពនេះ ដើម្បីធានាសុវត្ថិភាព និងផ្ដល់ព័ត៌មានទាន់ហេតុការណ៍ដល់សាធារណជនក្នុងករណីមានការរញ្ជួយបន្ទាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Bangkok Post/ Khaosod English | រូបភាព៖ Bangkok Post