ព័ត៌មានជាតិ

កូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម ត្រូវពលរដ្ឋខឹងសម្បា និងប្រេីហិង្សាម្នាក់មួយដៃរហូតបែកក្បាល បន្ទាប់ពីបើកបររថយន្តទាំងស្រវឹងស្រាទៅបុកក្មេងវ័យជំទង់ម្នាក់ រួចបោះសម្ដីថា «ងាប់សង២មុឺនដុល្លារ»

image

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅយប់ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧១១​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

ក្នុងករណីនេះជនបង្កដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើករថយន្ដម៉ាក FORTHING ពាក់​ផ្លាក​លេខ​ កម្ពុជា​ P.YEAN.7 ដែលគេស្គាល់ថា កូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម បានបេីក​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HONDA TODAY ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋបានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេ ដោយឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ​។ នៅពេលនោះជនបង្កក៏ឆ្លៀតបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បាយ៉ាងខ្លាំង នាំគ្នាដាក់ម្នាក់មួយដៃរហូតបែកក្បាលជនបង្ក។

ទោះយ៉ាងនេះក៏ដោយ ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫ​ស្សីកែវ​ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕