ចិន សន្យាផ្ដល់ស្ថិរភាពថាមពល និងធនធាន បើតៃវ៉ាន់ យល់ព្រមបង្រួបបង្រួមជាតិ
ប៉េកាំង, ចិន៖ ចំពេលពិភពលោកកំពុងជួបវិបត្តិថាមពលដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប្រទេសចិនបានឆ្លៀតយកឱកាសប្រើប្រាស់បញ្ហាសន្តិសុខថាមពលមកធ្វើជាឧបករណ៍នយោបាយ ដើម្បីបញ្ចុះបញ្ចូលឱ្យកោះតៃវ៉ាន់យល់ព្រមចុះចូលក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ ទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ លោក Chen Binhua បានសន្យាថា នឹងផ្ដល់ស្ថិរភាពថាមពល និងធនធានដល់តៃវ៉ាន់ ប្រសិនបើកោះនេះព្រមព្រៀងតាមលក្ខខណ្ឌ «បង្រួបបង្រួមជាតិ» ដោយសន្តិវិធី ។
ការលើកឡើងរបស់ចិនកាលពីថ្ងៃពុធ កើតឡើងបន្ទាប់ពីផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូសរងនូវការរំខាន ដែលធ្វើឱ្យតៃវ៉ាន់បាត់បង់ប្រភពឧស្ម័នធម្មជាតិ (LNG) ប្រហែលមួយភាគបីដែលធ្លាប់នាំចូលពីប្រទេសកាតា។ ចិនចង់បង្ហាញថា មានតែការរស់នៅក្រោមដំបូលមាតុភូមិចិនតែមួយគត់ ទើបអាចធានាបាននូវជីវភាពដ៏សុខសាន្ត និងមិនបារម្ភរឿងខ្វះខាតប្រេងឥន្ធនៈ ឬថាមពលសម្រាប់ប្រើប្រាស់ ។
ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលតៃវ៉ាន់ ហាក់មិនចាប់អារម្មណ៍នឹងសំណើរបស់ចិនឡើយ ដោយសារតែតៃវ៉ាន់មានជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ ក្នុងនោះ មេដឹកនាំតៃវ៉ាន់ លោក ឡៃ ជីងតេ (Lai Ching-te) បានចេញមុខអះអាងថា កោះនេះបានត្រៀមលក្ខណៈរួចជាស្រេចនូវយុទ្ធសាស្ត្រនាំចូលថាមពលពីប្រទេសផ្សេងៗទៀត ជាពិសេសគឺការបង្កើនការនាំចូលឧស្ម័នពីសហរដ្ឋអាម៉េរិក ។
យុទ្ធសាស្ត្ររបស់តៃវ៉ាន់ គឺមិនចង់ពឹងផ្អែកលើចិនសូម្បីតែបន្តិចឡើយ នៅក្នុងវិស័យថាមពល ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នយោបាយ។ តៃវ៉ាន់បញ្ជាក់ថា ការផ្គត់ផ្គង់សម្រាប់ខែមីនា និងមេសាគឺមិនមានបញ្ហាឡើយ ហើយចាប់ពីខែមិថុនាទៅ កិច្ចសន្យាទិញឧស្ម័នពីអាម៉េរិកនឹងជួយឱ្យកោះនេះមានសន្តិសុខថាមពលកាន់តែរឹងមាំសម្រាប់រយៈពេលវែង ។
ក្នុងពេលជាមួយគ្នា ស្ថានភាពផ្ទៃក្នុងរបស់ចិនផ្ទាល់ ក៏មិនសូវជាអំណោយផលប៉ុន្មានដែរ ដែលធ្វើឱ្យសំណើរបស់ចិនទៅកាន់តៃវ៉ាន់មើលទៅហាក់ដូចជាមានភាពផ្ទុយគ្នា។ ចិនទើបតែបានប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈរបស់ខ្លួនទៅក្រៅប្រទេស ដើម្បីរក្សាទុកប្រើប្រាស់ក្នុងស្រុក បន្ទាប់ពីតម្លៃប្រេងសកលហក់ឡើងខ្ពស់ និងដើម្បីការពារកុំឱ្យមានភាពខ្វះខាតក្នុងប្រទេសចិនផ្ទាល់ ។
គួររំឭកថា ជម្លោះរវាងចិន និងតៃវ៉ាន់ជុំវិញបញ្ហាបង្រួបបង្រួមជាតិ នៅតែជាបញ្ហាដ៏ក្តៅគគុកដែលមិនទាន់មានដំណោះស្រាយ។ ខណៈចិននៅតែបន្តប្រើប្រាស់វិធីសាស្ត្រទន់ផងរឹងផង ដើម្បីគ្រប់គ្រងតៃវ៉ាន់ ខណៈភាគីតៃវ៉ាន់ឯណោះវិញ នៅតែបន្តពង្រឹងសម្ព័ន្ធភាពជាមួយអាម៉េរិក និងព្យាយាមធ្វើឱ្យខ្លួនឯងមានឯករាជ្យទាំងផ្នែកសន្តិសុខជាតិ និងសន្តិសុខថាមពល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ South China Morning Post/ (REUTERS/Ann Wang)