ព័ត៌មានអន្តរជាតិ

អ្នកបើកបររថយន្តនៅហុងកុង នាំគ្នាទៅចាក់សាំងនៅចិនដីគោក ព្រោះមានតម្លៃធូរថ្លៃជាងនៅហុងកុង

image

ហុងកុង, ចិន៖ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ អ្នកបើកបររថយន្តនៅហុងកុង កំពុងនាំគ្នាធ្វើដំណើរទៅភាគខាងជើងនៃទឹកដីចិនដីគោក ដើម្បីរកសេវាដែលធូរថ្លៃជាង ប៉ុន្តែសំណួរថា តើវាពិតជាចំណេញមែនឬយ៉ាងណា?

បច្ចុប្បន្ន តម្លៃសាំងនៅហុងកុងស្ថិតក្នុងចំណោមតម្លៃខ្ពស់បំផុតលើពិភពលោក ដោយក្នុងមួយលីត្រមានតម្លៃលើសពី ៣០ ដុល្លារហុងកុង (ប្រហែល ៤ ដុល្លារអាម៉េរិក)។ ផ្ទុយទៅវិញ នៅទីក្រុងសិនជិន (ចិនដីគោក) សាំងមានតម្លៃត្រឹមតែ ៨ ទៅ ៩យ័នប៉ុណ្ណោះ (ប្រហែល ១.២ ទៅ ១.៣ ដុល្លារអាម៉េរិក) ដែលមានន័យថា វាមានតម្លៃថោកជាងនៅហុងកុងដល់ទៅ ៣ ដង ។

អ្នកបើកបរមួយរូបឈ្មោះ ឆែស្ទ័រ ឈីន (Chester Chin) អាយុ ៥៥ ឆ្នាំ បានប្រាប់កាសែត CNA ថា លោកតែងតែបើកបរឆ្លងកាត់ស្ពានហុងកុង-ជូហៃ-ម៉ាកាវ ដើម្បីទៅចាក់សាំង។ លោកថា «សាំងនៅហុងកុងថ្លៃពេក កន្លែងណាថោក ខ្ញុំទៅកន្លែងហ្នឹងហើយ»។ អ្នកបើកបរម្នាក់ទៀត ឈ្មោះអាន (An) ក៏បាននិយាយដែរថា លោកឈប់ចាក់សាំងនៅហុងកុងទាំងស្រុងតែម្ដង ព្រោះលោកចាក់ពេញធុងនៅចិនដីគោកអស់ត្រឹមតែ ៤៥០ យ័នប៉ុណ្ណោះ ខណៈនៅហុងកុងអាចអស់ដល់ ១,០០០ ដុល្លារហុងកុងឯណោះ ។

ទោះជាយ៉ាងណាក្ដី អ្នកជំនាញ ព្រមានថា បើបើកឡានទៅគ្រាន់តែដើម្បីចាក់សាំង គឺមិនសូវចំណេញទេ។ លោកសាស្ត្រាចារ្យ ម៉ៃ ឡៃ (Mike Lai) មកពីសាកលវិទ្យាល័យ ប៉ូលីយូ (PolyU) បានពន្យល់ថា ការចំណាយលើថ្លៃធ្វើដំណើរ (ថ្លៃបង់ផ្លូវលើស្ពានប្រហែល ៣០០ យ័ន) បូករួមនឹងពេលវេលាធ្វើដំណើរច្រើនម៉ោង អាចធ្វើឱ្យប្រាក់ដែលសន្សំបានធ្លាក់ចុះមកនៅតិចតួចបំផុត។ វាចំណេញសម្រាប់តែអ្នកដែលមានឡានធំ (ដូចជាឡាន ៧ កៅអី) ឬអ្នកដែលត្រូវទៅចិនដីគោកដើម្បីធ្វើការ ឬដើរលេងប៉ុណ្ណោះ ។

មូលហេតុដែលសាំងនៅហុងកុងមានតម្លៃថ្លៃ គឺដោយសារតែមានការនាំចូលទាំងស្រុង ម្យ៉ាងទៀតរដ្ឋាភិបាលហុងកុង បានយកពន្ធលើប្រេងសាំងខ្ពស់ (ប្រហែល ២០% នៃតម្លៃសរុប) បូករួមនឹងថ្លៃឈ្នួលដី និងប្រតិបត្តិការស្ថានីយសាំងមានតម្លៃខ្ពស់។ ដោយសារតែបញ្ហានេះ អ្នកបើកបរខ្លះដូចជាលោក ឈីន (Chin) បានសម្រេចចិត្តប្តូរមកប្រើឡានអគ្គិសនី (EV) វិញ ដើម្បីសន្សំសំចៃក្នុងគ្រាដែលសេដ្ឋកិច្ចមិនសូវល្អ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ (CNA/Melody Chan)/ Chester Chin/ Consumer Council's Oil Price Watch, Sinopec via CNA Graphics.