អេស្ប៉ាញ សន្យាផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងតម្លៃ ១ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ ២០២៦
អេស្ប៉ាញ៖ នៅក្នុងដំណើរទស្សនកិច្ចនៅឯទីក្រុងម៉ាឌ្រីដ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelensky) ទទួលបានការសន្យាយ៉ាងរឹងមាំពីសំណាក់រដ្ឋាភិបាលអេស្ប៉ាញ តាមរយៈកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ១ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ ២០២៦។ ជំនួយនេះ នឹងផ្ដោតសំខាន់លើការការពារដែនអាកាស និងការជួសជុលប្រព័ន្ធអគ្គិសនី ដែលជាបញ្ហាលំបាកបំផុតរបស់អ៊ុយក្រែននាពេលបច្ចុប្បន្ន ក្រោមការវាយប្រហារដោយមីស៊ីលពីសំណាក់កងទ័ពរុស្ស៊ី ។
ទោះបីជាការចាប់អារម្មណ៍របស់ពិភពលោកបានងាកទៅរកជម្លោះដ៏ក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េត្រូ សាន់ចេហ្ស (Pedro Sanchez) បានអះអាងថា ជំហរគាំទ្រចំពោះអ៊ុយក្រែននឹងមិនប្រែប្រួលឡើយ។ អេស្ប៉ាញ បានប្ដេជ្ញាបន្តផ្តល់អាវុធទំនើបៗ និងគ្រាប់មីស៊ីលការពារអាកាសផេទ្រៀត (Patriot) ខណៈភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការចាប់ដៃគូផលិតសម្ភារៈសឹក ដូចជា រ៉ាដា និងមីស៊ីល នៅក្នុងទឹកដីអេស្ប៉ាញថែមទៀតផង ។
លោក ហ្សេលែនស្គី បានលើកឡើងពីក្តីបារម្ភយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងសង្គ្រាមនៅមជ្ឈិមបូព៌ា និងសន្តិសុខនៅអ៊ុយក្រែន។ លោករៀបរាប់ថា ការឡើងថ្លៃប្រេងពិភពលោកដោយសារតែការបិទច្រកសមុទ្រហ័រមូស បានក្លាយជាប្រភពចំណូលដ៏មហាសាលសម្រាប់រុស្ស៊ី ដែលជួយឱ្យវិមានក្រឹមឡាំងមានលទ្ធភាពទិញអាវុធបន្ថែមមកវាយប្រហារអ៊ុយក្រែន ដែលនេះគឺជាផលវិបាកដោយប្រយោលនៃជម្លោះរបស់មហាអំណាច ។
ក្រៅពីជំនួយពីអេស្ប៉ាញ អ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហានយោបាយនៅក្នុងចំណោមប្រទេសអឺរ៉ុប ខណៈកញ្ចប់ថវិកា ៩០ ពាន់លានអឺរ៉ូ ត្រូវបានរារាំងដោយប្រទេសហុងគ្រី និងស្លូវ៉ាគី។ ជម្លោះនេះ បានកើតឡើងបន្ទាប់ពីមានការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងតាមបំពង់បង្ហូរប្រេងឌ្រូស្បា (Druzhba) ដែលធ្វើឱ្យទំនាក់ទំនងរវាងអ៊ុយក្រែន និងប្រទេសជិតខាងនៅអឺរ៉ុបខាងកើតមានភាពតានតឹង និងប៉ះពាល់ដល់ការផ្ដល់ជំនួយសង្គ្រាម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Anadolu Agency on Microsoft Bing