ព័ត៌មានអន្តរជាតិ

សមាជិកក្រុមការពារស៊ីវិលរបស់លីបង់ចំនួន ១១ នាក់រងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល ខណៈអ្នកស្លាប់កើនឡើងជិត ១ពាន់នាក់ហើយ

image

លីបង់៖ សមាជិកនៃក្រុមការពារស៊ីវិលរបស់លីបង់ ចំនួន ១១នាក់ បានទទួលរងរបួសកាលពីយប់ថ្ងៃទី ១៧ ខែមីនា នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល នៅក្បែរមជ្ឈមណ្ឌលសង្គ្រោះមួយក្នុងកន្លែងក្នុងតំបន់ ណាបាទីយ៉េ (Nabatiyeh) ភាគខាងត្បូងប្រទេសលីបង់ ព្រមទាំងមន្ទីរពេទ្យនិងសកលវិទ្យាល័យវេជ្ជសាស្ត្រ ណាប៊ី ប័ររី (Nabih Berri) ។

ក្រៅពីនេះ ក៏នៅមានការបំផ្លិចបំផ្លាញឧបករណ៍សង្គ្រោះជាច្រើន ដែលធ្វើឱ្យកិច្ចការជួយសង្គ្រោះជនរងគ្រោះពីសង្គ្រាម រឹតតែជួបការលំបាកទ្វេដង ។
យោធាអ៊ីស្រាអ៊ែល បានការពារទង្វើរបស់ខ្លួន ដោយអះអាងថា នេះជាការវាយប្រហារដើម្បីការពារខ្លួនជាមុន ដោយសំដៅទៅលើទីតាំងយោធារបស់ក្រុមហេសបូឡាហ៍ដែលកំពុងត្រៀមវាយបកមកលើអ៊ីស្រាអ៊ែល។ ការវាយប្រហារនេះ មិនត្រឹមតែធ្វើឡើងនៅភាគខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាយភាយដល់រដ្ឋធានីប៊ែរូត និងតំបន់ជុំវិញ ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងដំណំ ។

ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅដើមខែមីនា ចំនួនជនរងគ្រោះនៅលីបង់ បានកើនឡើងយ៉ាងរហ័សដល់ជិត ១,០០០ នាក់ហើយ ខណៈអ្នករបួសមានរាប់ពាន់នាក់។ សង្គ្រាមនេះ គឺជាផលវិបាកដែលរីករាលដាលចេញពីប្រតិបត្តិការយោធារួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអ៊ែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានបញ្ចប់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ។

ក្រៅពីការបាត់បង់ជីវិតមនុស្ស ពិភពលោកទាំងមូលក៏កំពុងរងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារតែភាពអាក់រអួលនៃផ្លូវដឹកជញ្ជូនប្រេងសំខាន់ៗ។ ការប្រយុទ្ធគ្នានេះ បានរុញច្រានឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ ដែលជាសញ្ញាព្រមានអំពីវិបត្តិសេដ្ឋកិច្ចពិភពលោក ប្រសិនបើជម្លោះរវាងមហាអំណាច និងក្រុមប្រដាប់អាវុធក្នុងតំបន់នៅតែបន្តអូសបន្លាយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.