អំបិលខេត្តកែបឡើងថ្លៃ ខណៈការប្រមូលផលបានជាង ២ពាន់តោន ត្រឹម២ខែដើមឆ្នាំនេះ
កែប៖ ក្នុងបរិបទនៃការបិទព្រំដែនដែលនៅតែបន្ត ការនាំចូលអំបិលពីបរទេសត្រូវបានផ្អាក ខណៈក្នុងរយៈពេលជិត២ខែដើមឆ្នាំ២០២៦នេះ អំបិលខេត្តកែបប្រមូលបានជាង ២ពាន់តោន ហើយលក់ចេញបានចំនួន ១.២២២តោន។
ក្នុងនោះតម្លៃអំបិលមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៥ ដោយអំបិលលេខ១ មានតម្លៃចន្លោះ២០.០០០រៀល-២៥.០០០រៀល លេខ២ ចន្លោះ ១៥.៥០០-១៩.៥០០រៀល និងលេខ៣ ចន្លោះ ១៣.៥០០-១៥.០០០រៀល ក្នុងមួយបាវ។ នេះបើយោងតាមការបញ្ជាក់របស់លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ខេត្តកែប។
លោកបានបញ្ជាក់ថា ការផ្អាកនាំចូលអំបិលពីប្រទេសជិតខាង ដែលធ្លាប់ជាប្រភពផ្គត់ផ្គង់សំខាន់ បានធ្វើឱ្យទីផ្សារអំបិលក្នុងស្រុកមានការប្រែប្រួល។ ទន្ទឹមនឹងនេះ ការផលិតអំបិលក្នុងស្រុកក៏ប្រឈមមុខនឹងបញ្ហាអាកាសធាតុ និងកត្តាបច្ចេកទេសផ្សេងៗ ដែលអាចប៉ះពាល់ដល់បរិមាណទិន្នផលសរុបផងដែរ។
ម្ចាស់ស្រែអំបិលមួយចំនួនបានឱ្យដឹងថា ការកើនឡើងនៃតម្លៃអំបិល គឺជាឱកាសល្អសម្រាប់ជំរុញឱ្យម្ចាស់ស្រែដែលធ្លាប់បោះបង់ ឬផ្អាកការផលិត អាចត្រឡប់មកចាប់ផ្តើមផលិតឡើងវិញ។ ស្ថានភាពនេះត្រូវបានមើលឃើញថា អាចជួយស្ដារឡើងវិញនូវផលិតកម្មអំបិលក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងរួមចំណែកធានាស្ថិរភាពទីផ្សារក្នុងរយៈពេលវែង។
គួបញ្ជាក់ថា បច្ចប្បន្នខេត្តកែប មានទីតាំងផលិតអំបិលចំនួន០៤ទីតាំង លើផ្ទៃដីផលិតជាក់ស្តែង ២៩៤ហិកតា ដោយឡែក ទីតាំងផ្សេងទៀតទុកចោល៕
អត្ថបទ៖ ង៉ុង សាន់