រដ្ឋមន្ត្រីកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីកម្ពុជា បង្កើនការផលិតផលិតផល អមដោយស្តង់ដារគុណភាព ដើម្បីពង្រីកទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានជំរុញឱ្យសហគ្រិនស្ត្រីកម្ពុជា ត្រូវបង្កើនគុណភាព និងការផលិតផលិតផល ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
ជាមួយនោះ គួរកំណត់តម្លៃផលិតផលដ៏សមរម្យមួយ ធៀបនឹងផលិតផលបរទេស ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ខណៈប្រជាជនកម្ពុជា បាននិងកំពុងពហិការទំនិញពីប្រទេសជិតខាងមួយរបស់កម្ពុជា ដែលជាឱកាសដ៏ល្អមួយ សម្រាប់សហគ្រាសក្នុងស្រុក។
លោកស្រីរដ្ឋមន្ត្រី បានណែនាំដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំដោយលោកស្រី ចាន់ ភារី ប្រធានសមាគម ចូលជួបសំណេះសំណាល នៅមជ្ឈមណ្ឌលអភិវឌ្ឈន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី។
លោកស្រី អ៉ឹង កន្ថាផាវី បានណែនាំឱ្យសមាជិកសមាគម ត្រូវផ្តោតលើស្តង់ដារគុណភាព និងភាពស្មោះត្រង់ ក្នុងការនាំយកផលិតផល ទៅលក់ទាំងលើទីផ្សារជាតិ និងនៅក្រៅប្រទេស ដើម្បីកុំឱ្យបាត់ទីផ្សារ ពោលគឺមាននិរន្តរភាព និងចីរភាព។
លោកស្រីរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ឱ្យសហគ្រិនកម្ពុជា ត្រូវយកចំណែកទីផ្សារ ឱ្យបានយ៉ាងហោចណាស់៥០ភាគរយ នៃទីផ្សារផលិតផលនៅកម្ពុជា នោះវានឹងជាភាពជោគជ័យមួយ។
ក្នុងពិធីសំណេះសំណាលនេះ លោកស្រី ក៏បានលើកឡើងពីទីផ្សារប្រទេសប្រេស៊ីលផងដែរ ដែលសហគ្រិនស្ត្រីកម្ពុជា គួរតែសិក្សា ដើម្បីពង្រីកទីផ្សារ ខណៈប្រេស៊ីល ក៏បានបង្ហាញពីបំណង ក្នុងការពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាផងដែរ។
សូមជម្រាបថា បន្ទាប់ពីជំនួបសំណេះសំណាលនេះ លោកស្រីរដ្ឋមន្ត្រី ក៏បានអញ្ជើញជាសាក្ខីភាព ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហការ រវាងក្រសួងកិច្ចការនារី និងសមាគមសហគ្រិនស្ត្រីកម្ពុជាផងដែរ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី