ព័ត៌មានអន្តរជាតិ

ស៊ូទ្រាំ ៨ ខែមិនរួច! ក្រុមកសិករដាំដូងនៅថៃលើកគ្នាតវ៉ានៅមុខរដ្ឋសភា ព្រោះតម្លៃដូងចុះថោកខ្លាំង

image

ប្រទេសថៃ៖ តំណាងកសិករដាំដូងក្រអូបបានសម្រុកទៅកាន់រដ្ឋសភាថៃ ដើម្បីដាក់ញត្តិទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតម្លៃដូងដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងតម្លៃចន្លោះពី ៣ ទៅ ៤ បាតក្នុងមួយផ្លែ។ កសិករ បញ្ជាក់ថា ពួកគេស៊ូទ្រាំនឹងស្ថានភាពខាតបង់នេះអស់រយៈពេល ៨ ខែមកហើយ ខណៈដែលវិធានការជួយសង្គ្រោះពីសំណាក់ក្រសួងពាក់ព័ន្ធនៅមិនទាន់មានប្រសិទ្ធភាព ឬបង្ហាញលទ្ធផលជាក់ស្ដែងនៅឡើយ ។

បញ្ហាប្រឈមដ៏ធំបំផុតរបស់កសិករនាពេលនេះ គឺការហក់ឡើងនៃថ្លៃដើមផលិត រួមមាន ថ្លៃជី ថ្លៃថ្នាំកសិកម្ម និងថ្លៃដី ក៏ដូចជាថ្លៃដឹកជញ្ជូន ដែលរងឥទ្ធិពលពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ទោះបីជាថ្លៃដើមឡើងខ្ពស់ ប៉ុន្តែតម្លៃលក់ចេញបែរជាទាបជាងតម្លៃស៊ុតមាន់ ឬមីកញ្ចប់ទៅទៀត ដែលធ្វើឱ្យកសិករមិនអាចទ្រាំទ្រនឹងបំណុល និងការចំណាយប្រចាំថ្ងៃបាន ។

គណបក្សប្រជាជនដែលជាអ្នកទទួលញត្តិ បានដាក់សំណើបន្ទាន់ ៣ ចំណុចទៅកាន់រដ្ឋាភិបាល រួមមាន បង្កើនល្បឿនប្រមូលទិញដូងយកទៅកែច្នៃ, ផ្ដល់ភាពច្បាស់លាស់ជុំវិញគម្រោងបង្កើត «មជ្ឈមណ្ឌលប្រមូលទិញ» និងបង្ក្រាបដាច់ខាតលើការផលិតទឹកដូងក្លែងក្លាយ។ វិធានការទាំងនេះមានបំណងស្ដារទំនុកចិត្តលើទីផ្សារ និងជួយឱ្យកសិករមានអំណាចចរចាតម្លៃយុត្តិធម៌ជាងមុន ។

ជាការព្រមានចុងក្រោយ ក្រុមអ្នកតវ៉ាបានផ្ដល់ឱកាសឱ្យរដ្ឋាភិបាលត្រឹមតែរយៈពេល ៣០ ថ្ងៃប៉ុណ្ណោះ ដើម្បីចាត់វិធានការកែប្រែស្ថានភាពនេះ។ បើតម្លៃដូងនៅតែមិនមានការប្រែប្រួលជាវិជ្ជមាន ពួកគេនឹងបង្កើនកម្រិតនៃការតវ៉ា ដោយដឹកជញ្ជូនផ្លែដូងរាប់ម៉ឺនផ្លែទៅកាន់វិមានរដ្ឋាភិបាល ដើម្បីជួបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាក់ព័ន្ធ ដោយទាមទាររកយុត្តិធម៌ និងដំណោះស្រាយពិតប្រាកដ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod Online