កសិករថៃមកពី ៥៨ ខេត្តត្រៀមងើបតវ៉ា បើរដ្ឋាភិបាលមិនអាចដោះស្រាយរឿងប្រេង ជី ឡើងថ្លៃ ប៉ុន្តែតម្លៃស្រូវចុះថោក
ប្រទេសថៃ៖ លោក ប្រាម៉ូត ចៈរើនសិល្ប៍ (Pramote Charoensilp) ប្រធានសមាគមកសិករថៃ និយាយថា កសិករថៃកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរចំនួនបីក្នុងពេលតែមួយ រួមមាន កង្វះខាតប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ក្នុងតម្រូវការគ្រឿងចក្រ, ការឡើងថ្លៃជីកសិកម្ម និងតម្លៃស្រូវធ្លាក់ចុះ។ បញ្ហានេះកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់ជីវភាពកសិករ ជាពិសេសក្នុងដំណាក់កាលប្រមូលផល ដែលទាមទារឱ្យមានការប្រើប្រាស់ប្រេង និងជីជាចាំបាច់បំផុត ប៉ុន្តែការផ្គត់ផ្គង់បែរជាមានភាពរអាក់រអួល និងត្រូវបានរឹតត្បិត ។
បញ្ហាប្រេងម៉ាស៊ូត បានក្លាយជាឧបសគ្គចម្បង ដោយសារតែស្ថានីយប្រេងមួយចំនួនមិនអនុញ្ញាតឱ្យកសិករទិញប្រេងច្រកធុង ឬកំណត់ចំនួនទឹកប្រាក់ទិញក្នុងកម្រិតទាប (៣០០-៧០០ បាត) ដែលមិនគ្រប់គ្រាន់សម្រាប់ការងារភ្ជួររាស់ ឬច្រូតកាត់ខ្នាតធំ (ដែលត្រូវការលើសពី ១,០០០ បាត)។ ទន្ទឹមនឹងនេះ ឈ្មួញកណ្ដាលបានចាប់ផ្ដើមលាក់ទុកជីមិនព្រមលក់ចេញ ដើម្បីរង់ចាំដំឡើងថ្លៃ ដែលធ្វើឱ្យជីអ៊ុយរ៉េឡើងថ្លៃលើសពីកម្រិតធម្មតា ដោយឡើងថ្លៃពី ៨០០-៩០០ បាត ទៅដល់ ១,១០០ បាតក្នុងមួយការុងដោយបង្កជាក្ដីបារម្ភសម្រាប់រដូវដាំដុះបន្ទាប់ ។
ចំពោះតម្លៃស្រូវវិញ កសិករកំពុងរងការទម្លាក់តម្លៃពីម្ចាស់រោងម៉ាស៊ីន ដោយលក់បានត្រឹមតែ ៦,៥០០ បាតប៉ុណ្ណោះក្នុងមួយតោន ខណៈតម្លៃនេះមិនអាចទូទាត់ជាមួយថ្លៃដើមផលិតដែលកំពុងកើនឡើងបានឡើយ។ សមាគមកសិករបានស្នើឱ្យរដ្ឋាភិបាលកំណត់តម្លៃទិញក្នុងកម្រិតយុត្តិធម៌ គឺ ១០,០០០ បាតក្នុងមួយតោន ដើម្បីធានាថាពួកគេអាចបន្តមុខរបរនេះទៅមុខទៀតបាន ។
ជាការព្រមាន បើសិនរដ្ឋាភិបាលថ្មីមិនមានវិធានការបន្ទាន់ដើម្បីទប់ស្កាត់ការកេងចំណេញពីឈ្មួញកណ្ដាល និងសម្របសម្រួលការចែកចាយប្រេងឱ្យបានល្អទេ កសិករមកពី ៥៨ ខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំ។ ពួកគេបានគំរាមលើកគ្នាទៅកាន់វិមានរដ្ឋាភិបាលនៅទីក្រុងបាងកក ដោយទាមទាររកដំណោះស្រាយដោយផ្ទាល់ពីនាយករដ្ឋមន្ត្រី ដើម្បីបញ្ចៀសការខូចខាតកសិផលទូទាំងប្រទេស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod Online