ព័ត៌មានជាតិ

ប្រធានគ.ជ.ប ប្រកាស់ដាក់ឱ្យដំណើរការ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀតដល់និវត្តជនក្នុងស្ថាប័ន គ.ជ.ប

image

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធនសំរាប់មន្ត្រីរាជការ គ.ជ.ប នៅឆ្នាំ២០២១ ដែលកិច្ចការនេះពិតជាបានឆ្លុះបញ្ចាំងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ គ.ជ.ប ក្នុងការសម្រួលដល់ជីវភាពរស់នៅរបស់និវត្ត ជន គ.ជ.ប។ 

ការបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ពេលនេះ ក៏នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀតដល់និវត្តជន គ.ជ.ប ពីលើអត្ថប្រយោជន៍ផ្តល់ដោយបេឡាសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់អ្នក រាជការ គ.ជ.ប។ នេះបើយោងតាមប្រសាសន៍លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងពីធីប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មាន ប្រសាសន៍បន្តថា គ.ជ.ប បានអនុវត្តការដាក់អ្នករាជការ គ.ជ.ប ដែលមានអាយុតាមការកំណត់ ឱ្យចូលនិវត្តជាលើកដំបូងនៅក្នុងឆ្នាំ២០២៣។ បើគិតត្រឹមបច្ចុប្បន្ន គ.ជ.ប មាននិវត្តជនសរុបចំនួន ៣៨រូប ហើយ គ.ជ.ប គ្រោងនឹងដាក់អ្នករាជការ គ.ជ.ប ចំនួន ១២រូបទៀត ឱ្យចូលនិវត្តនៅក្នុងឆ្នាំ២០២៦ នេះ។ 

លោកប្រធាន គ.ជ.ប បញ្ជាក់បន្តថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក និងជាប្រធានដឹកនាំផ្ទាល់ សមាគមនេះ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០៧ ដែលមានឈ្មោះថា សមាគមអតីតយុទ្ធជនកម្ពុជា។ ក្រោយមក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស បានអនុម័តវិសោធនកម្មលក្ខន្តិកៈរបស់សមាគម ដោយប្តូរឈ្មោះពី “សមាគមអតីតយុទ្ធជនកម្ពុជា”ទៅជា “សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា”។

លោក បានបញ្ជាក់ទៀតថា គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យគ.ជ.ប ត្រូវបានបង្កើតឡើងស្របតាមលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនតាមវិស័យ ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងការ ៖លើកកម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនការពារសិទ្ធិ ផលប្រយោជ ន៍ និងលើកស្ទួយកម្រិតជីវភាពអតីតយុទ្ធជន និងនិវត្តជនពង្រឹងស្មារតី សាមគ្គីជួយគ្នាទៅវិញទៅមកក្នុងពេលជួបការលំបាក គ្រោះថ្នាក់ មរណភាពដោយមិនប្រកាន់ប្រភពដើម សាសនា និន្នាការនយោបាយ និងឋានៈក្នុងសង្គមឡើយ៕

អត្ថបទ៖ វង សុភ័ក្ត្រ