ព័ត៌មានជាតិ

ប្រាសាទព្រះវិហារ រងការខូចខាត ៥៦២កន្លែង ដោយអំពេីឈ្លានពានរបស់ថៃ ខណៈភាគីពាក់ព័ន្ធរកវិធានការការពារសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ

image

សៀមរាប៖ យោងតាមការវាយតម្លៃជាបឋម បានរកឃើញថា ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតចំនួន ៥៦២កន្លែង ដោយសារការបាញ់ប្រហារពីទាហានថៃនៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជាទាំងពីរលើក កាលពីឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំសម័យពេញអង្គលើកទី១១ គណ:កម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា ”ICC Preah Vihear” ដែលកិច្ចប្រជុំនេះបានធ្វើឡើងពេញមួយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល បានបង្ហាញថា នៅក្នុងជម្លោះព្រំដែនដែលបង្កឡើងដោយទាហានថៃទាំង២លើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បាននាំឲ្យមានខូចខាតដល់ប្រាសាទព្រះវិហារ ផលប៉ះពាល់លើសហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ ខណៈអាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋម និងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរ។ ក្នុងនោះផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ មានចំនួន៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងការបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។

សូមជម្រាបថា កិច្ចប្រជុំអង្គលើកទី១១ របស់ ICC Preah Vihear នេះ ក៏បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារ មានដូចជា អនុវត្តការងារបន្ទាន់មួយចំនួន ដូចជាការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ ការរៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារ និងបរិវេណភ្នំទាំងមូល ការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការ សង្គ្រោះបន្ទាន់។ គណៈកម្មាធិការអាស៊ីស៊ីព្រះវិហារ ក៏បានកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំ បច្ចេកទេសលើកទី១១ របស់គណៈកម្មាធិការ ICC-ព្រះវិហារ នៅសប្តាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៦។ ជាមួយគ្នានេះ គណៈកម្មាធិការ ICC-ព្រះវិហារ ក៏ប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារ និងថែរក្សាប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ។

ដោយឡែកនៅក្នុងកិច្ចប្រជុំនេះដែរ លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក៏បានបង្ហាញអំពីរបាយការណ៍ លទ្ធផលការងារអភិរក្ស និងការស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានអនុវត្តដោយអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ និងដៃគូសហប្រតិបត្តិការអន្តរជាតិនៅប្រាសាទក្រចាប់ ប្រាសាទក្រហម ការជួសជុល បដិមាព្រះឥសូររាំ ការស្រាវជ្រាវស្ថានីយ៍ឡបុរាណនៅកោះកេរ និងការសិក្សាអំពីសត្វកណ្តៀរនៅតាមប្រាសាទនានាផងដែរ។

សូមបញ្ជាក់ថា គណ:កម្មាធិការអន្ដរជាតិ ”ICC Preah Vihear” បានរៀបចំកិច្ចប្រជុំសម័យពេញអង្គលើកទី១១ ដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធាន គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកជំទាវ LI JI កុងស៊ុលស្ថានទូតចិន ជាសហប្រធានចិន និងលោកជំទាវបណ្ឌិត Tanu PRIYA អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌា ជាសហប្រធានឥណ្ឌា និងមានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន ប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិនិងអន្តរជាតិ ដែលរួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ១៥៨រូប ដែលអនុវត្តដោយ អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ៕


អត្ថបទ៖ ជា ស្រស់