អភិបាលខេត្តបន្ទាយមានជ័យ ណែនាំពលរដ្ឋឱ្យប្រុងប្រយ័ត្នពីការឆ្លងជំងឺផ្តាសាយបក្សីដោយអនុវត្តតាមវិធានការសុខាភិបាល ក្រោយរកឃេីញពលរដ្ឋម្នាក់ ឆ្លងជំងឺនេះនៅស្រុកព្រះនេត្រព្រះ
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវចូលរួមផ្សព្វផ្សាយណែនាំដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ជាខាច់ខាត់ ក្រោយមានករណីរកឃេីញជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤៥ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។
លោក អ៊ុំ រាត្រី បានណែនាំបែបនេះនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
ដេីម្បីការពារពីការចម្លងជំងឺផ្តាសាយបក្សី លោក អ៊ុំ រាត្រី ណែនាំពីវិធានការពាររបស់ក្រសួងសុខាភិបាល ៖
១-កុំប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេល ចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម, ២-ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេស បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ, ៣-ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ កុំទទួលទាន ពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។
លោកបញ្ជាក់ ថា ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មាន ពីករណីជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤៥ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ អ្នកជំងឺ មានទីលំនៅក្នុងភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលដោយឱសថតាមីហ្គូ(Tamiflu) ព្រមទាំងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕