ខូចខាតរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុងហៃហ្វា ក្រោយអ៊ីរ៉ង់វាយប្រហារលើភាគខាងជើងអ៊ីស្រាអ៊ែល
អ៊ីស្រាអ៊ែល៖ រោងចក្រចម្រាញ់ប្រេងនៅក្នុងទីក្រុងហៃហ្វា (Haifa) របស់អ៊ីស្រាអ៊ែល រងនូវការខូចខាតដោយត្រូវអំបែងមីស៊ីលរបស់អ៊ីរ៉ង់ធ្លាក់ចំ បន្ទាប់ពីមានការបាញ់ស្ទាក់បំផ្ទុះមីស៊ីលយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ ហេតុការណ៍នេះ បង្កឱ្យមានផ្សែងខ្មៅហុយទ្រលោមពាសពេញអាកាស បើទោះបីជារដ្ឋមន្ត្រីក្រសួងថាមពលអ៊ីស្រាអ៊ែល លោក អេលី ខូហែន (Eli Cohen) បានអះអាងថា ការខូចខាតមិនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាគឺជាសញ្ញានៃការសងសឹកគ្នាទៅវិញទៅមកលើវិស័យថាមពល ដែលកំពុងធ្វើឱ្យពិភពលោកទាំងមូលមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង ។
ការវាយប្រហារសងសឹក បានរីករាលដាលដល់ប្រទេសកាតា ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំ ដោយអ៊ីរ៉ង់បានបាញ់កម្ទេចរោងចក្រ រ៉ាស់ ឡាហ្វេន (Ras Laffan) របស់កាតា (ដែលជាសម្ព័ន្ធមិត្តអាម៉េរិក) ដើម្បីឆ្លើយតបនឹងការដែលអ៊ីស្រាអ៊ែលវាយប្រហារលើទីតាំងឧស្ម័នធម្មជាតិ សោត ផាស (South Pars) របស់ខ្លួន។ ការបាត់បង់សមត្ថភាពផលិតឧស្ម័ន ១៧% របស់កាតា នឹងត្រូវចំណាយពេលជួសជុល ៥ឆ្នាំ ដែលនឹងបង្កជាវិបត្តិខ្វះខាតថាមពលសកលក្នុងរយៈពេលវែង ។
បន្ទាប់ពីការវាយប្រហារទាំងនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាម៉េរិកមិនបានដឹងមុនអំពីការដែលអ៊ីស្រាអ៊ែលវាយប្រហារលើទីតាំងឧស្ម័នធម្មជាតិរបស់អ៊ីរ៉ង់នោះទេ ទោះជាបែបណាក្ដី លោកបានចេញមុខមកសម្របសម្រួលដោយបង្គាប់ឱ្យអ៊ីស្រាអ៊ែលបញ្ឈប់សកម្មភាពវាយប្រហារជាបន្ទាន់ ដើម្បីកុំឱ្យស្ថានការណ៍កាន់តែអាក្រក់។ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាម៉េរិកមិនចង់ឱ្យសង្គ្រាមនេះប៉ះពាល់ដល់ស្ថិរភាពថាមពលពិភពលោកឡើយ ប៉ុន្តែលោកបានព្រមានអ៊ីរ៉ង់ធ្ងន់ៗថា អាម៉េរិកនឹងចាត់ការដោយផ្ទាល់លើទីតាំងឧស្ម័នអ៊ីរ៉ង់ បើមានការវាយប្រហារលើកាតា ជាបន្តទៀត ។
ការកំណត់គោលដៅលើរោងចក្រប្រេង និងឧស្ម័នពីសំណាក់គូសត្រូវទាំងសងខាង បានក្លាយជាកត្តាជំរុញឱ្យតម្លៃថាមពលពិភពលោកកើនឡើងយ៉ាងគំហុក។ វិបត្តិនេះមិនត្រឹមតែប៉ះពាល់ដល់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបង្កជាផលវិបាកដល់សេដ្ឋកិច្ចសកល ជាពិសេសគឺការឡើងថ្លៃទំនិញ និងការដឹកជញ្ជូន ដែលកសិករ និងប្រជាជនទូទាំងពិភពលោកកំពុងតែរងគ្រោះនាពេលបច្ចុប្បន្ន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Sharon Sztrozenberg via REUTERS/ (Social Media/via REUTERS)