លោក ត្រាំ ផ្ញើសារទៅប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបថា ទំនងយឺតពេលហើយដែលព្យាយាមមកបន្លំធ្វើខ្លួនជាមនុស្សល្អចង់ចូលមកជួយច្រកសមុទ្រហ័រមូស
សហរដ្ឋអាម៉េរិក៖ ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តអង្គការណាតូ (NATO) ដែលហាក់បីដូចជាគ្រាន់តែឱបដៃឈរមើល ខណៈសហរដ្ឋអាម៉េរិកកំពុងមមាញឹកការពារច្រកសមុទ្រហ័រមូសតែម្នាក់ឯង ទាំងដែលពួកគេជាអ្នកត្រូវការប្រេងខ្លាំងបំផុត ។
ប្រធានាធិបតីអាម៉េរិករូបនេះ សង្កត់ធ្ងន់ថា ច្រកសមុទ្រហ័រមូស គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់អឺរ៉ុប ប៉ុន្តែប្រទេសទាំងនោះបែរជាមិនចង់ចំណាយកម្លាំង ឬធនធានដើម្បីជួយការពារសន្តិសុខក្នុងតំបន់នោះឡើយ ។
លោក ត្រាំ ក៏បានបង្ហើបដែរថា បច្ចុប្បន្នបណ្ដាប្រទេសសម្ព័ន្ធមិត្តទាំងនោះ ចាប់ផ្ដើមផ្លាស់ប្តូរឥរិយាបថមកជាទន់ភ្លន់ជាងមុន ក្រោយពេលឃើញលោកប្រើវិធានការតឹងរឹងខ្លាំង និងមិនចុះញ៉មក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ ទោះជាយ៉ាងនេះក្ដី លោកនៅតែយល់ថា ការព្យាយាមមកបន្លំធ្វើខ្លួនជាមនុស្សល្អនៅពេលនេះ គឺជារឿងដែលយឺតពេលបន្តិចទៅហើយសម្រាប់ទំនាក់ទំនងសម្ព័ន្ធមិត្ត ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺការរិះគន់ចំៗទៅលើចក្រភពអង់គ្លេស ដែលទើបតែចង់បញ្ជូននាវាផ្ទុកយន្តហោះមកជួយអាម៉េរិកនាពេលនេះ ដោយលោក ត្រាំ បានច្រានចោលបំណងនេះ ហើយលើកឡើងថា លោកត្រូវការជំនួយយោធាតាំងពីមុនពេលគ្រាប់កាំភ្លើងដំបូងបានផ្ទុះឡើងម្ល៉េះ មិនមែនមកជួយនៅពេលដែលស្ថានការណ៍សង្គ្រាមត្រូវអាម៉េរិកគ្រប់គ្រងជិតបានទាំងស្រុងទៅហើយនោះទេ ។
គួររំឭកថា ជម្លោះរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ដែលបានអូសបន្លាយតាំងពីចុងខែកុម្ភៈ បានក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់សម្ព័ន្ធភាពអន្តរជាតិ។ ខណៈអាម៉េរិក និងអ៊ីស្រាអ៊ែលកំពុងស្ថិតក្នុងសមរភូមិ លោក ត្រាំ នៅតែបន្តជំហររុញច្រានឱ្យប្រទេសមហាអំណាចផ្សេងទៀត ជាពិសេសអង់គ្លេស និងបារាំង ឱ្យទទួលខុសត្រូវកាន់តែច្រើនលើសន្តិសុខសកល ប្រសិនបើពួកគេនៅតែចង់ទាញយកផលប្រយោជន៍ពីស្ថិរភាពថាមពលពិភពលោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Alex Brandon/AP)/ (Anadolu/Getty Images)/ (AP Photo/Altaf Qadri)/ Freepik