ក្រុមអ្នកយកព័ត៌មាន RT រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល នៅភាគខាងត្បូងប្រទេសលីបង់
លីបង់៖ ក្រុមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន RT បានទទួលរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល នៅឯភាគខាងត្បូងប្រទេសលីបង់។
លោក ស្ទេវ ស្វ៊ីនី (Steve Sweeney) ដែលជាអ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកថតរូបរបស់លោក បានធ្វើដំណើរឆ្លងកាត់ស្ពានមួយនៅក្បែរមូលដ្ឋានទ័ព ហើយក៏បានធ្វើសេចក្ដីរាយការណ៍នៅទីនោះ ស្រាប់តែយន្តហោះចម្បាំងអ៊ីស្រាអ៊ែល បានបាញ់មីស៊ីលចំរថយន្តរបស់ពួកគេតែម្តង ។
អ្នកទាំងពីរ ទទួលរងរបួសដោយសារតែអំបែងមីស៊ីល ជាសំណាងល្អ ពួកគេមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ ដោយបច្ចុប្បន្នកំពុងទទួលបានការសង្គ្រោះ និងព្យាបាលពីគ្រូពេទ្យ ។
ហេតុការណ៍នេះបានកើតឡើង ចំពេលដែលមានការវាយប្រហារគ្នាយ៉ាងខ្លាំងក្លានៅតាមព្រំដែនអ៊ីស្រាអ៊ែល-លីបង់ ដោយរួមមាន ការប្រើប្រាស់ដ្រូន និងការបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមក រវាងអ៊ីស្រាអ៊ែល និងក្រុមប្រដាប់អាវុធនៅក្នុងប្រទេសលីបង់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT