ព័ត៌មានជាតិ

តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

image

(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងជាអនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។

លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំឆ្នាំនេះ រៀបចំឡើងដើម្បីបូកសរុបសមិទ្ធផលការងារដែលក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រេចបានក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងបញ្ហាប្រឈមនានា រួមទាំងការ ពិនិត្យលើកាលានុវត្តភាពថ្មីៗ និងលើកផែនការសកម្មភាពអនុវត្តបន្ត ឆ្លើយតបទៅនឹងកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលគ្រប់នីតិកាល បានបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រី ដែលបានកើន ឡើងជាបន្តបន្ទាប់ ដែលបង្ហាញពីវឌ្ឍនភាព។ ជាក់ស្តែង អត្រាមន្ត្រីរាជការជាស្ត្រីមាន៤២% គិតត្រឹមឆ្នាំ២០២៥ ។ ចំណុចកត់សម្គាល់ គឺការកើនឡើងមន្ត្រីរាជការជាស្ត្រី ត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យសង្គមកិច្ច ខណៈពេលដែលវិស័យបច្ចេកទេសមានមន្ត្រី រាជការស៊ីវិលជាស្ត្រីនៅមានចំនួនតិចតួច។ ចំពោះអត្រាស្ត្រីមានមុខតំណែងក្នុងរចនាសម្ព័ន្ធ ចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើមានចំនួន ២៨% គិតត្រឹមឆ្នាំ ២០២៥ (កើន ១% ធៀបនឹងឆ្នាំ២០២៤)។ ការជ្រើសរើសមន្ត្រីឱ្យចូលក្នុងក្របខណ្ឌឆ្នាំ២០២៥ មាន១០ ក្រសួង ស្ថាប័ន មានចំនួនសរុបជាង៧៧០០នាក់ (៧៧៤៣ នាក់) ស្រី ៤ ៤៧០ នាក់ (ស្មើ ៥៧,៧២%)។ ឆ្នាំ២០២៥ មន្ត្រីរាជការស៊ីវិលជាស្ត្រី ដែលបានចូលនិវត្តន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ៦៧២ នាក់ នៃមន្ត្រីរាជការចូលនិវត្តន៍សរុបទូទាំងប្រទេសជាង២២០០នាក់ (២ ២២៧ នាក់)។

លោកស្រី អ៉ឹង កន្ថាផាវី បន្តថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤-២០២៨ នៅកម្រិតរាជធានី ខេត្ត មានចំនួនស្ត្រីសរុប ជាង១៦០០នាក់ (១ ៦៤២ នាក់) (ស្មើនឹង ៣១,៦១%) និងក្នុងមុខតំណែងគ្រប់ គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួនស្ត្រីសរុប ជាង៣៧០០នាក់ (៣៧៨៦នាក់) (ស្មើនឹង ២២,៤៨%)។

ក្នុងវិស័យការពារជាតិវិញ ចំនួនទ័ពនារីក្នុងកងយោធពលខេមរភូមិន្ទ មានការកើនឡើង រួមមាន៖ ថ្នាក់នាយឧត្តមសេនីយ៍មានចំនួន ២រូប ថ្នាក់ឧត្តមសេនីយ៍ត្រី ១១រូប ថ្នាក់ឧត្តម សេនីយ៍ទោ ៣៧ រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី ១០៩ រូប គិតពីឆ្នាំ២០២៤-២០២៥ ។ ក្នុងវិស័យការបរទេស ចំនួនមន្ត្រីការទូតជាស្ត្រីនៅតាមស្ថានតំណាងកម្ពុជាប្រចាំបរទេស សរុប ៦៧ រូប នៃចំនួនមន្ត្រីការទូតតំណាងកម្ពុជាប្រចាំបរទេសសរុប ២១៣ រូប ក្នុងនោះ មុខតំណែង ឯកអគ្គរាជទូត ចំនួន ៥ រូប ប្រចាំនៅប្រទេសចិន, ឥណ្ឌា, ចក្រភពអង់គ្លេស, កូរ៉េខាងត្បូង និងវៀតណាម៕

អត្ថបទ៖ សន ពិសិដ្ឋ