ព័ត៌មានអន្តរជាតិ

លំនៅដ្ឋានប្រជាជននៅភាគខាងត្បូងអ៊ីស្រាអ៊ែល រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍បាញ់ស្រោចមីស៊ីលពីលីបង់

image

អ៊ីស្រាអ៊ែល៖ លំនៅដ្ឋានមួយកន្លែងនៅតំបន់ ឡាជីស (Lachish) ភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល រងការខូចខាតយ៉ាងដំណំ បន្ទាប់ពីមានការបាញ់ស្រោចមីស៊ីលយ៉ាងខ្លាំងក្លាចេញពីប្រទេសលីបង់ កាលពីថ្ងៃទី១៨ ខែមីនា។ ទោះជាយ៉ាងណាក្ដី តាមសេចក្តីរាយការណ៍ ឱ្យដឹងថា ក្រុមគ្រួសារនៃលំនៅដ្ឋានខាងលើ មិនមានបញ្ហានោះទេ ដោយសារតែពួកគេរត់គេចខ្លួនចូលទៅក្នុងទីតាំងសុវត្ថិភាពទាន់ពេល ។

ដោយឡែក នៅតំបន់ ហាសារ៉ុន (Hasharon) មានបុរសជនជាតិថៃម្នាក់បានបាត់បង់ជីវិត ដោយសារតែគ្រាប់បែកចង្កោមរបស់អ៊ីរ៉ង់។ កាលពីថ្ងៃអង្គារ អំបែងមីស៊ីលរបស់អ៊ីរ៉ង់ ក៏បានធ្លាក់ចំទីតាំងជាច្រើនក្នុងប្រទេសអ៊ីស្រាអ៊ែល បន្ទាប់ពីមានការបាញ់ស្រោចមីស៊ីលពីសំណាក់ប្រទេសអ៊ីរ៉ង់ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ។

ឫសគល់នៃជម្លោះទ្រង់ទ្រាយធំនេះ បានចាប់ផ្ដើមឡើងតាំងពីចុងខែកុម្ភៈ នៅពេលអាម៉េរិក និងអ៊ីស្រាអ៊ែលចាប់ផ្ដើមវាយប្រហារលើអ៊ីរ៉ង់ ដែលនាំឱ្យមានការសងសឹកគ្នាយ៉ាងសាហាវទៅវិញទៅមក។ សង្គ្រាមនេះ បានរាលដាលដល់ក្រុមប្រដាប់អាវុធហេសបូឡាហ៍ និងបង្កឱ្យមានការផ្ទុះអាវុធនៅតាមបណ្ដាប្រទេសជិតខាងជាច្រើនទៀតក្នុងតំបន់ឈូងសមុទ្រ ដែលធ្វើឱ្យស្ថានភាពកាន់តែពិបាកគ្រប់គ្រង។

ផលប៉ះពាល់នៃសង្គ្រាមនេះ បានរីករាលដាលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ជាពិសេសការបិទច្រកសមុទ្រហ័រមូស ដោយរំខានដល់ផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់ ដែលបានរុញច្រានឱ្យតម្លៃប្រេង និងថាមពលសកលហក់ឡើងថ្លៃយ៉ាងគំហុក ដោយបង្កជាក្ដីបារម្ភយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់មនុស្សជាតិទូទាំងសកលលោក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.