ជំនួយការ ២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ខ្មាន់កាំភ្លើងប៉ងបាញ់សម្លាប់តំណាងរាស្ត្រថៃ នៅខេត្តណារ៉ាធីវ៉ាត់
ថៃឡង់ដ៍៖ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២៦ តំណាងរាស្ត្រម្នាក់មកពីគណបក្សប្រជាជាតិ (Prachachat Party) បានរួចផុតពីសេចក្តីស្លាប់ដោយប្រផិតប្រផើយ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើរថយន្តរបស់លោកនៅមុខផ្ទះ ក្នុងស្រុកបាចូ (Bacho) ដែលបណ្ដាលឱ្យជំនួយការ ២ នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១:០៩ នាទីរំលងអាធ្រាត្រ នៅពេលដែលក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ជិះរថយន្តភីកអាប់ពណ៌សមួយគ្រឿង បានបើកដេញតាម រួចជិះជែងរថយន្តរបស់លោក កាម៉លសាក់ លីវ៉ាម៉ោះ (Kamolsak Leewamoh) អាយុ ៥៩ ឆ្នាំ ដែលជាតំណាងរាស្ត្រមណ្ឌល ៥ ខេត្តណារ៉ាធីវ៉ាត់ ។
តាមរបាយការណ៍បឋម ឱ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានព្យាយាមជិះជែង រួចក៏បើករថយន្តថយក្រោយ ហើយបាញ់ស្រោចជាង ១០ គ្រាប់ទៅលើរថយន្តម៉ាកតូយ៉ូតា អាល់ហ្វាដ (Toyota Alphard) ពណ៌ខ្មៅ ដែលមានលោក កាម៉លសាក់ និងជំនួយការនៅក្នុងនោះ។ ការបាញ់ប្រហារនេះ បានកើតឡើងនៅចំពីមុខផ្ទះរបស់លោកតែម្ដង នៅលើផ្លូវផេតកាសេម (Phetkasem) ក្រោយពេលលោកបញ្ចប់សម័យប្រជុំសភា ដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រី ។
មនុស្ស ២ នាក់នៅក្នុងរថយន្តដែលរងរបួសធ្ងន់ធ្ងរនោះ រួមមាន អ្នកបើកបរឈ្មោះ អ៊ូឆាលុម កូឡោះ (Uchalumh Koloh) អាយុ ៥៥ ឆ្នាំ និងមន្ត្រីសន្តិសុខការពារតំណាងរាស្ត្រឈ្មោះ ហារីរ៉ាក់ ហ៊ីមីណា (Harirak Heemmina) អាយុ ៤៣ ឆ្នាំ។ អ្នកទាំងពីរ ត្រូវគ្រាប់កាំភ្លើងជាច្រើនកន្លែង ហើយក៏ត្រូវបានអ្នកភូមិបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ ។
ចំណែកលោក កាម៉លសាក់ ដែលទើបត្រឡប់មកពីក្រុងហាត់យ៉ៃ (Hat Yai) មិនមានរងរបួសអ្វីឡើយ ដោយសារតែលោកបានក្រាបចុះនៅកៅអីខាងក្រោយ នៅពេលឮសម្លេងកាំភ្លើង។ កាមេរ៉ាសុវត្ថិភាពនៅក្បែរនោះ បានថតជាប់សកម្មភាពក្រុមខ្មាន់កាំភ្លើងដែលបានបើកជែង រួចថយក្រោយបាញ់ប្រហារ មុននឹងបើករថយន្តគេចខ្លួនបាត់ស្រមោល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព៖ Khaosod English/ Thairath English