កម្ពុជា ស្នើសុំហិរញ្ញប្បទានក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ សម្រាប់ការអភិវឌ្ឍចំនួន ៣៣គម្រោង មានទឹកប្រាក់សរុបប្រមាណ ៣.៦៨០លានដុល្លារ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំហិរញ្ញប្បទានក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ សម្រាប់ការអភិវឌ្ឍចំនួន ៣៣គម្រោង មានទឹកប្រាក់សរុបប្រមាណជាង ៣.៦៨០លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងវិនិយោគលើវិស័យដឹកជញ្ជូនត្រូវការទឹកប្រាក់ច្រើនជាងគេ។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោក អ៊ូ វឌ្ឍនៈរស្មី សមាជិកលេខាធិការដ្ឋានជាតិ នៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបទបង្ហាញស្តីពីបច្ចុប្បន្នភាពនៃការរបៀបចំគម្រោងក្នុងក្របខណ្ឌវិនិយោគតំបន់មហាអនុតំបន់មេគង្គ (GMS) នេះថា ជុំវិញក្របខណ្ឌវិនិយោគតំបន់មហាអនុតំបន់មេគង្គ (GMS) នេះ នៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ កិច្ចប្រជុំឧត្តមមន្រ្តី GMS បានឯកភាពឱ្យមានការធ្វើឌីថលូបនីយកម្មនៃនីតិវិធី លើការដាក់ស្នើសុំគម្រោងក្រោមក្របខណ្ឌតំបន់ឆ្នាំ២០២៦-២០២៨ ក្នុងគោល បំណងពង្រឹងប្រសិទ្ធផល កិច្ចសហការរវាងដៃគូពាក់ព័ន្ធ និងលើកកម្ពស់គុណភាពនៃសំណើរគម្រោងជាដើម។
លោកបន្តថា លេខាធិការដ្ឋានមហាអនុតំបន់មេគង្គ នៃធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានជាតិ បានសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន និងក្រុមការងារតាមវិស័យរបស់ GMS ដើម្បីរៀបចំសំណើរគម្រោងក្នុងក្របខណ្ឌវិនិយោគតំបន់ ២០២៨ ក្នុងនោះសម្រាប់កម្ពុជា បានស្នើសុំមានសរុបចំនួន ៣៣ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣.៦៨០លានដុល្លារអាម៉េរិក។
លោកគូសបញ្ជាក់ថា ចំពោះវិស័យដែលស្នើសុំនេះ រួមមាន៖ កសិកម្មចំនួន ២ គម្រោង មានទឹកប្រាក់ជាង ៨៤ លានដុល្លារ, បរិស្ថាន ៦គម្រោង ជាង ៨០០លានដុល្លារ, សុខាភិបាល ២គម្រោង ៩៨លានដុល្លារ, ទេសចរណ៍ ១១ គម្រោង មានទឹកប្រាក់ ២៩៦លានដុល្លារ, ពាណិជ្ជកម្មនិងវិនិយោគ ០,៥ លានដុល្លារ និងវិស័យដឹកជញ្ជូន សម្រាប់ស្ថាបនាផ្លូវដែកពីសេរីសោភ័ណ្ឌ-សៀមរាប-ភ្នំពេញ ត្រូវការហិរញ្ញប្បទានជិត ២.៤០០លានដុល្លារអាម៉េរិក។
លោក ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិនៃមហាអនុតំបន់មេគង្គ ស្នើសុំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សូមចូលរួមផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍វឌ្ឍនភាពនេះ ដើម្បីឱ្យលេខាធិការដ្ឋានជាតិ GMS អាចផ្សព្វផ្សាយ ឬបោះពុម្ភនៅលើរបាយការណ៍ក្នុងបំណាច់ខែមីនា ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា នៅក្នុងមហាអនុតំបន់មេគង្គមានចំនួន ៦ ប្រទេស រួមមាន៖ ចិន កម្ពុជា ភូម៉ា ថៃ ឡាវ និងវៀតណាម ក្នុងនោះប្រទេសទាំងនេះ បានស្នើសុំក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ មានចំនួនសរុប ៨៨ គម្រោង ដោយមានទឹកប្រាក់ស្នើសុំប្រមាណជិត ១៩ពាន់លានដុល្លារអាម៉េរិក៕
អត្ថបទ៖បចេង ឆហួត