អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមានការចូលរួមផ្តល់ព័ត៌មានពីពលរដ្ឋ ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋាន
ភ្នំពេញ៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS), ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមសហការពីប្រជាពលរដ្ឋ ដោយផ្តល់ព័ត៌មានឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើង។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីការដកស្រង់បទពិសោធន៌និងវឌ្ឍនភាពការងារបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះ គឺដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបានអនុវត្តកន្លងមក ពិសេសការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះតែម្តង ដើម្បីបន្តអនុវត្តការងារនេះ បានជោគជ័យ ធានាថា គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅក្នុងមូលដ្ឋានទៀត។”
លោក ឃួង ស្រេង បានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤, កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការណ៍ព្រមៗគ្នា ក្នុងការបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះ រហូតឈានទៅទទួលបានជោគជ័យនាពេលកន្លងមកនេះ។ ភាពជោគជ័យ ក៏បានមកពីការរួមសហការពីប្រជាពលរដ្ឋ ដោយពួកគាត់បានផ្តល់ព័ត៌មានឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ពួកគេអាចបន្តលួចលាក់ជ្រកនៅតាមទីតាំងមួយចំនួន ដែលនឹកស្មានមិនដល់ ដែលទាមទាឱ្យបន្តខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាបន្ថែមទៀត។
លោក ឃួង ស្រេង បានបន្តទៀតថា តាមផែនការរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះឱ្យអស់ ហើយបើតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា ទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះ និងខ្មៅ ដាច់ខាត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា។ សម្ដេចធិបតីក៏បាន លេីកឡេីងថា ការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែខែមេសាចូលឆ្នាំខ្មែរនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ បន្តអនុវត្ត និងផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ០៣ និងត្រូវបន្តម្ចាស់ការ ក្នុងត្រួតពិនិត្យបង្រ្កាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានដូចភ្លៀងរលឹម។ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវចុះស្រាវជ្រាវនៅទីតាំងអគារខ្ពស់ៗ ជាមួយការត្រួតពិនិត្យទីតាំងសប្បាយភាពនានា និងក្លឹបកម្សាន្តដែលមានការសង្ស័យ។
លោកអភិបាលបញ្ជាក់ទៀតថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕