រថយន្តបុកម៉ូតូនៅលើផ្លូវជាតិលេខ៣១ បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត និងស្ត្រីជាប្រពន្ធរងរបួសធ្ងន់
កំពត៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ដោយសាររថយន្តធុនធំបុកពេញទំហឹងពេលកំពុងជិះម៉ូតូឌុបគ្នាលើដងផ្លូវជាតិលេខ៣១ កាលពីវេលាម៉ោង ១១:៣០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងទឹកដីភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។
មន្ត្រីនគរបាលចរាចរណ៍ស្រុកបន្ទាយមាស បានឱ្យដឹងថា បុរសដែលបាត់បង់ជីវិត ឈ្មោះ កែប ធឹម អាយុ ៦៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ដួង ញន អាយុ ៦៨ឆ្នាំ។ គ្រួសារនេះរស់នៅភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេតកំពត។ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២០ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ស្ថិតក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច រវាងម៉ូតូ និងរថយន្ត។ មុនហេតុការណ៍កើតឡើង គេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1L-7206 និងឌុបស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង។
សមត្ថកិច្ចបានបន្តថា លុះមកដល់ចំណុចផ្លូវបំបែកជា២ ម៉ូតូបានបើកឆ្លងទៅផ្លូវផ្នែកខាងឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-2299 មកពីក្រោយក៏បុកពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវរថយន្តដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចដើម្បីសង្រ្គោះបន្ទាន់។ ដោយឡែកអ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ៕
អត្ថបទ៖ វង្ស សុធារម្យ