ព័ត៌មានអន្តរជាតិ

តារាបង្ហាញម៉ូដជនជាតិអង់គ្លេស Jordan Wright ត្រូវគេប្រទះឃើញស្លាប់នៅក្នុងលូបង្ហូរទឹក នៅខេត្តភូកេត ប្រទេសថៃ

image

ថៃឡង់ដ៍៖ លោក ជ័រដាន់ រ៉ាយ (Jordan Wright) វ័យ៣៣ឆ្នាំ ដែលជាតារាបង្ហាញម៉ូដ និងតារាសម្ដែងក្នុងកម្មវិធីទូរទស្សន៍របស់ចក្រភពអង់គ្លេស ត្រូវគេប្រទះឃើញថាបានស្លាប់នៅក្នុងលូបង្ហូរទឹកមួយកន្លែង ក្នុងតំបន់ Cherng Talay ខេត្តភូកេត កាលពីថ្ងៃទី១៤ ខែមីនា។ នេះបើយោងតាមការឱ្យដឹងពីសមត្ថកិច្ច និងអត្ថបទចេញផ្សាយដោយកាសែតថៃ (THAI ENQUIRER) នៅល្ងាចថ្ងៃសុក្រនេះ ។

អាជ្ញាធរ បញ្ជាក់ថា លោក រ៉ាយ (Wright) ត្រូវគេរាយការណ៍ថាបានបាត់ខ្លួន បន្ទាប់ពីលោកមិនបានមកធ្វើការចាកចេញ (Check-out) ពីសណ្ឋាគារតាមកាលកំណត់ កាលពីថ្ងៃទី១៣ ខែមីនា។ នៅពេលឆែកមើលក្នុងបន្ទប់ស្នាក់នៅ សមត្ថកិច្ចមិនបានឃើញមានស្លាកស្នាមនៃការគាស់កកាយចូលពីខាងក្រៅណាមួយនោះទេ ហើយតាមកំណត់ត្រាគឺលោកបានមកស្នាក់នៅទីនោះតែម្នាក់ឯង ។

តាមរយៈការពិនិត្យមើលកាមេរ៉ាសុវត្ថិភាព (CCTV) អ្នកស៊ើបអង្កេតបានឃើញលោក រ៉ាយ (Wright) ដើរចុះឡើងៗជាច្រើនដង មុនពេលគេឃើញលោកបានធ្វើដំណើរចាកចេញពីសណ្ឋាគារនៅម៉ោងប្រហែល ១១:២៥ យប់ ថ្ងៃទី១២ ខែមីនា។ បន្ទាប់មក ការតាមដាន បានរកឃើញថាទីតាំងចុងក្រោយរបស់លោកស្ថិតនៅម្ដុំការដ្ឋានសំណង់មួយកន្លែង ដែលនៅទីនោះលោកបានដើរចូលទៅក្នុងប្រឡាយលូបង្ហូរទឹកដែលមានជម្រៅប្រហែល ១,៦ ម៉ែត្រ ។

សមត្ថកិច្ចបន្តថា ដោយសារតែប្រឡាយនោះមានជម្រៅជ្រៅ និងមានមាត់ច្រាំងចោទខ្លាំង វាអាចធ្វើឱ្យលោកមានការពិបាកក្នុងការតោងឡើងមកលើវិញ ជាពិសេសនៅពេលយប់ងងឹត។ មន្ត្រីនគរបាលបន្ថែមថា នៅពេលនោះ លោក រ៉ាយ (Wright) ហាក់ដូចជាកំពុងស្ថិតក្នុងស្ថានភាពស្រ្តេស ឬមានវិបត្តិផ្លូវចិត្តខ្លាំង ។

សាកសពរបស់លោកត្រូវគេរកឃើញនៅក្នុងស្ថានភាពដេកផ្អាប់មុខនៅក្នុងលូ។ អាជ្ញាធរបញ្ជាក់ថា មិនមានស្លាកស្នាមនៃការវាយដំ ឬបង្ករបួសស្នាមឱ្យឃើញនៅនឹងភ្នែកនោះទេ ហើយសម្ភារៈផ្ទាល់ខ្លួនរបស់លោក រួមទាំងកាតសោរបន្ទប់សណ្ឋាគារ ក៏ត្រូវបានរកឃើញនៅទីកន្លែងកើតហេតុផងដែរ ។

គួរបញ្ជាក់ថា លោក រ៉ាយ (Wright) បានធ្វើដំណើរមកដល់ប្រទេសថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ហើយគ្រោងនឹងត្រឡប់ទៅវិញនៅខែឧសភាខាងមុខ។ លោកត្រូវគេស្គាល់យ៉ាងច្បាស់តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីមួយឈ្មោះ "The Only Way Is Essex" ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតករណីនេះយ៉ាងយកចិត្តទុកដាក់ ខណៈមូលហេតុនៃការស្លាប់ពិតប្រាកដ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយត្រូវរង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យសិន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ THAI ENQUIRER/ Fox News | រូបភាព៖ Thairath/ Jordan Wright Instagram