ពលរដ្ឋភៀសសឹកនៅវត្តកណ្ដោល ពេញចិត្តទៅរស់នៅផ្ទះបណ្តោះអាសន្ន និងប្តេជ្ញាកសាងជីវិតថ្មីនៅទីនោះ
បន្ទាយមានជ័យ៖ ពលរដ្ឋភៀសសឹក ដែលស្នាក់នៅតាមតង់កៅស៊ូនៅមណ្ឌលសុវត្ថិភាពវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមបម្លាស់ទីទៅរស់នៅផ្ទះបណ្តោះអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាល និងអាជ្ញាធរ ខណៈផ្ទះសំបែងរបស់គាត់ត្រូវបានបំផ្លាញ និងហ៊ុមព័ទ្ធដោយលួសបន្លា ទូកុងតឺន័រ ដោយអំពើឈ្លានពានរបស់ថៃ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពតាមតង់កៅស៊ូ មណ្ឌលសុវត្ថិភាពវត្តកណ្ដោល ភាគច្រើនមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលត្រូវបានយោធាថៃហ៊ុមព័ទ្ធដីលំនៅឋានមិនឱ្យចូលទៅរស់នៅ ក្រោយបទឈប់បាញ់ចូលជាធរមាន ត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានជាង ១.១២៥គ្រួសារ ស្មើនឹង៤.១៤៤នាក់ (ស្រីជាង២ពាន់នាក់ និងកុមារជាង១.៤០០នាក់)។ ពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួនបានទៅស្នាក់នៅមណ្ឌលសុវត្ថិភាពតាមតង់កៅស៊ូតាមវត្តអារាម និងទីតាំងសាធារណៈ ស្ថិតមណ្ឌលសុវត្ថិភាពក្នុងស្រុកថ្មពួកចំនួន ២កន្លែង និងស្រុកអូរជ្រៅចំនួន ២កន្លែង សរុប ២.៩៥០គ្រួសារ ស្មើនឹងជាង ១ម៉ឺននាក់ (ស្រីជាង៥.៥០០នាក់ និងកុមារជាង៣.៥០០នាក់)។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ពួកគាត់បានចាប់ផ្តើមរើអីវ៉ាន់ដាក់លើមធ្យោបាយធ្វើដំណើរៀងៗខ្លួនឆ្ពោះទៅផ្ទះបណ្តោះអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាល និងអាជ្ញាធរ តាមរយៈ គោយន្ត រទេះម៉ូតូ រថយន្ត និងមធ្យោបាយផ្សេងៗទៀត និងអ្នកខ្លះបានទៅរស់នៅបាន១ថ្ងៃ ឬ២ថ្ងៃមកហើយ និងបានអះអាងថា នៅទីនោះស្រួលរស់នៅ មានបរិយ៉ាកាសល្អជាងកន្លែងបច្ចុប្បន្ន ដែលមានភាពចង្អៀតពិបាករស់នៅ ហើយពួកគាត់បានសម្តែងក្តីសប្បាយរីករាយ។
មុននឹងចាកចេញទៅរស់នៅទីតាំងថ្មី ពលរដ្ឋភៀសសឹកសុទ្ធតែបានលើកឡើងពីការពេញចិត្តទៅរស់នៅផ្ទះបណ្តោះអាសន្នដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងនិងអាជ្ញាធរ និងបានប្តេជ្ញាកសាងជីវិតជាថ្មីនៅទីនោះ ហើយពួកគាត់មានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការទាមទារលំនៅឋាន ដីធ្លី របស់ពួកគាត់មកវិញពីអំពើឈ្លានពានរបស់ថៃ៕