ព័ត៌មានជាតិ

លោកទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកជនភៀសសឹកបានស្នាក់នៅជាបណ្តោះអាសន្ន

image

បន្ទាយមានជ័យ៖​ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦​ បានចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលសាងសង់រួចជាជំហានទី១ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ លោកទេសរដ្ឋមន្រ្តី គន់ គីម បានចុះជួបសំណេះសំណាល​ សួរសុកទុក្ខពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗ​ និងបានណែនាំដល់ពលរដ្ឋភៀសសឹកទាំងអស់ឱ្យមានការអត់ធ្មត់ខ្ពស់ក្នុងការទៅរស់នៅបណ្តោះអាសន្ននៅទីនោះប្រសិនបេីនៅមានការខ្វះខាតត្រង់ចំណុចណាមួយ​ ប៉ុន្តែលោកនឹងខិតធ្វេីយ៉ាងណារៀបចំឱ្យលរដ្ឋភៀសសឹកទាំងអស់បានរស់នៅបណ្តោះអាសន្ននៅទីនោះបានសុខស្រួល។

សូមបញ្ជាក់ថា​ ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធ ដែលត្រៀមឱ្យជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ខ្នងផ្ទះហេីយ។ តាមការគ្រោងទុកនឹងបញ្ចប់ការសាងសង់ផ្ទះ ៣ ០០០ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។

ផ្ទះបណ្តោះអាសន្ននេះ​ ពលរដ្ឋភៀសសឹកមកពីភូមិបន្ទាយមានរិទ្ធ ៥០៤គ្រួសារ និងភូមិសាមគ្គី ៣១៨គ្រួសារ នៃតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានចាប់ឆ្នោតជំហានដំបូង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចាប់ផ្តេីមដឹកជញ្ជូនអីវ៉ានចូលស្នាក់នៅបណ្តេីររៗហេីយ៕