រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្ដាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ មានលើកឡើងថា កម្ពុជា បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន ដោយសារថា អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្ដាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិន ចិនបានឡើយ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ នៅក្នុងព្រឹត្តិការណ៍មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិដើម្បីអបអរសាទរ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន និងខួបលើកទី ៦៨ ឆ្នាំ នៃចំណងការទូតប្រទេសទាំង២ ដែលព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅតំបន់ផាប់ស្ទ្រីត ក្នុងក្រុងសៀមរាប កាលពីរាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើ ដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិត ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ហើយក្នុងរយៈពេល៤ខែនេះប្រជាជនចិនទាំងអស់ ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន អាចធ្វើដំណើរមកកម្ពុជា ដោយពុំ មានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យ បំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី ហួត ហាក់ បន្តថា ការសម្រេចរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់វិស័យទេសចរណ៍កម្ពុជា-ចិន ដែលនឹងត្រួសត្រាយផ្លូវ ប្រទេសយើងទាំងពីរ ពិសេសជំរុញលំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យ សម្រាប់កិច្ចសហការកាន់តែទូលំទូលាយរវាង កាន់តែច្រើនឡើងបន្ថែមទៀត។
ក្នុងនាមក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា ការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដែលកំពុងបន្តដល់ឆ្នាំ ២០២៦នេះ នឹងក្លាយជាចលករយ៉ាងសំខាន់បន្ថែមទៀត ក្នុងការបង្កើន នូវទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍ ក៏ដូចជាទំនាក់ទំនង និងបេះដូង រវាងប្រជាជននៃប្រជាជាតិទាំងពីរ ដែលជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិន។
សូមេជម្រាបថា សម្រាប់ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណ ៥,៥៦លាននាក់ ថយចុះ ១៦,៩% ខណៈដែលភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៥លាននាក់ កើនឡើងប្រមាណ ១១,៧%។ សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ គ្រោងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ក្នុងក្របខ័ណ្ឌ នៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ជាបន្តបន្ទាប់រួមមាន៖មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ កម្ពុជា-ចិន ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ភាពយន្ត កម្ពុជា-ចិន (Cambodia-China Film Tourism)ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) កម្ពុជា-ចិន និងកម្មវិធីបង្ហាញផ្លូវទេសចរណ៍រដូវកាលបៃតង (Green Season Tourism Roadshow) សម្រាប់ទីផ្សារចិន ដែលគ្រោងរៀបចំនៅ ខេត្តហៃណាន ប្រទេសចិន រួមជាមួយកម្មវិធីផ្សេងៗ ទៀត ក្រោមការសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា។
កន្លងមកដើម្បីស្តារនូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ទបានរៀបចំព្រឹត្តិការណ៍នានា ជាច្រើននៅក្នុងខេត្តដែលជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជាមួយនេះ។
អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ថ្លែងថា ព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិតាមដងផ្លូវ កម្ពុជា–ចិន នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដ៏សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍នានា សម្រាប់លើកកម្ពស់តម្លៃវប្បធម៌ ការបង្កើនការយល់ដឹង និងការចងសម្ព័ន្ធមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំនិងបង្ហាញពីការចងក្រងយ៉ាងសមស្របរវាងបេតិកភណ្ឌបុរាណ និងការច្នៃប្រឌិតសម័យថ្មី ដែលអាចបង្កើតទាំងតម្លៃវប្បធម៌ សង្គម និងសេដ្ឋកិច្ច សម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល។
សម្រាប់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់ និងជាទឹកដីបេតិកភណ្ឌពិភពលោក ការរៀបចំព្រឹត្តិការណ៍បែបនេះ គឺជាការបង្ហាញពីការប្រែប្រួលយុទ្ធសាស្ត្រទៅកាន់ទេសចរណ៍បែបបទពិសោធន៍ ដែលផ្តល់ឱ្យភ្ញៀវទេសចរអាចចូលរួម និងទទួលយកបទពិសោធន៍វប្បធម៌យ៉ាងជាក់ស្តែង។ នេះជាកត្តាសំខាន់ក្នុងការពង្រឹងភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ ជា ស្រស់