ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃគម្រោងមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ និងប្រគល់ជ័យលាភីដល់សហគ្រិនឆ្នើម

image

កំពង់ធំ៖ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្ររដូវកាលទី១ នៃ «គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ (InnoLab Kampong Thom)» រួមជាមួយនឹងការប្រគល់ជ័យលាភីសហគ្រិនឆ្នើម បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាល និងការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងរយៈពេល ១០ខែរួចមក។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា វត្តមានចូលរួមសារជាថ្មីម្តងទៀតរបស់រូបលោកនាពេលនេះ គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តចូលរួមលើកតម្កើងសហគ្រិន ភាព តាមរយៈការបណ្តុះបណ្តាល និងបំពាក់ជំនាញ, ចំណេះ, ការច្នៃប្រឌិត, នវានុវត្តន៍ និងបច្ចេកវិទ្យាស្រាសៗ និងល្មមៗ ដល់អាជីវករ ពាណិជ្ជករ និងអ្នកផលិត ព្រមទាំងអ្នករកស៊ីក្នុងកម្រិតគ្រួសារ ក្នុងខេត្តកំពង់ធំឱ្យកាន់តែរឹងមាំឡើង និងមានឱកាសរីកចម្រើនក្លាយជាសហគ្រិនធំៗ ក៏ដូចជាដើម្បីលើកទឹកចិត្តដល់សហគ្រិនឱ្យចេះចាត់យកជំនាញ ចំណេះ និងបំណិន ដែលទទួលបានពីគម្រោងយកទៅធ្វើជាសកម្មភាពនិងការពង្រីកក្នុងអាជីវកម្ម ធុរកិច្ច និង វិនិយោគរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដើម្បីបង្កើន និងបង្កើតការងារ ប្រាក់ចំណូល តម្លៃបន្ថែម និងផលិតភាព ព្រមទាំងពង្រឹងសហគមន៍អាជីវកម្ម និងធុរកិច្ច (Business community) ក្នុងខេត្តកំពង់ធំឱ្យកាន់តែរីកធំធាត់។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍ផងដែរថា រូបលោកនៅតែមានជំនឿថា វិស័យឯកជននៅតែជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរយៈពេលវែង ព្រោះថាវិស័យឯកជនគឺជាអ្នកដើរ តួនាទីបង្កើតទ្រព្យ ការងារ និងតម្លៃបន្ថែម ក្នុងសេដ្ឋកិច្ចជាតិ ដោយមានសហគ្រិនជាអ្នកដឹកមុខ ឬជា ក្បាល ម៉ាស៊ីន ដែល អាច ហៅ បាន ថា ជាមេទ័ពក្នុងវិស័យឯកជន។ ដូច្នេះ យើងចាំបាច់ត្រូវពង្រឹងនិងអភិវឌ្ឍសហគ្រិនភាពនេះដើម្បី បង្កើត ការងារ មុខរបរ និងប្រាក់ចំណូលជូនដល់កម្លាំងពលកម្មសកម្មកម្ពុជាប្រមាណ ៩,៥លាននាក់ ក្រៅពីកម្លាំងពលកម្ម ក្នុងវិស័យ សាធារណៈ ដែលជាមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធដែលមានប្រមាណ ០,៥លាននាក់ នៅពេល បច្ចុប្បន្ន។  

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថាដោយឈរលើទស្សនវិជ្ជានេះ ទើបបានជាក្នុងពេលរូបលោកបំពេញការងារកន្លងមក រូបលោកបានជំរុញឱ្យមានការកសាងនូវស្ថាប័នជាច្រើន ក្នុងនោះជាពិសេសមានស្ថាប័នពីរ គឺសហគ្រិនខ្មែរ (KE) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងគោលដៅបង្កើនសមត្ថភាពសហគ្រិននិយោជក បង្កើនសមត្ថភាពពលករ និងកម្មករនិយោជិតរបស់កម្ពុជា ដោយម្ខាងឱ្យមានជំនាញអាចរកប្រាក់ចំណូលខ្ពស់បាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងម្ខាងទៀត ជំនាញនេះធ្វើឱ្យមានផលិតភាពការងារ សំដៅរួមចំណែកបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែខ្ពស់។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា “អនាគតរបស់ប្រទេសយើងទៅថ្ងៃមុន គឺមានតែពឹងផ្អែកលើផលិតភាពនេះឯង ព្រោះផលិតភាពគឺជាកត្តាកំណត់នៃការទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែងដោយសារប្រភពទ្រទ្រង់កំណើន (Factor of Growth) ២ទៀត គឺកត្តាពលកម្ម (Labor Participation) និងកត្តាការវិនិយោគទុន (Capital Accumulation) ដែលធ្លាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ មានលំហកាន់តែតូចទៅៗ។ ដូច្នេះ យើងចាំបាច់ត្រូវកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាពឱ្យរស់រវើក ទាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដូចជា ក្នុងខេត្តកំពង់ធំរបស់យើង ដើម្បីធ្វើឱ្យសហគ្រិនរឹងមាំ និងមានឱកាសចូលរួមចំណែកជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកលូតលាស់ និងម្យ៉ាងទៀត ទាល់តែប្រជាជន ពិសេសអ្នករកស៊ី ដែលជា សហគ្រិនជាក្បាលម៉ាស៊ីននេះឯងរឹងមាំ និងអាចរកស៊ីមានបាន ទើបប្រទេសជាតិយើងអាចរឹងមាំនិងមានបានដែរ។”

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា កិច្ចការនេះ ក៏ជាជ្រុងមួយនៃការពង្រឹងភាពជាម្ចាស់ របស់ កម្ពុជា ដែលធ្វើឱ្យប្រទេសយើងទៅថ្ងៃក្រោយ អាចជាប្រទេសដែលអាចពឹងខ្លួនឯងបាន គឺធ្វើឱ្យប្រជាជនយើងពូកែ, ឆ្លាត, ចេះដឹង, ចេះរកស៊ី, ចេះផលិត, ចេះបង្កើតទ្រព្យ និងបង្កើតតម្លៃបន្ថែម ហើយរកស៊ីដោយគោរពច្បាប់ និងស្ដង់ដាសង្គមនិងបរិស្ថាននានា។ ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ចំពោះ KE,  SDF, ឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) និងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំង ភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ការគាំទ្រដល់ «គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ» ដើម្បីរួមចំណែកឈានទៅសម្រេចចក្ខុវិស័យក្នុងការ ប្រែក្លាយ «ខេត្តកំពង់ធំ ឱ្យទៅជាប្រព័ន្ធ អេកូឡូស៊ីនវានុវត្តន៍ដ៏រស់រវើកមួយ»។ លោក ក៏បានលើកទឹកចិត្តដល់គម្រោងឱ្យបញ្ចូលនូវជំនាញទន់ (Soft skill) បន្ថែមទៀត ដោយរួមទាំងគំនិតនវានុវត្តន៍ក្នុង អាជីវកម្មគួបផ្សំនឹងបច្ចេកវិទ្យាស្រាលៗនិងល្មមៗ ដែលងាយទទួលយកបានដោយសហគ្រិន, ម៉ូដែលធុរកិច្ច (Business Model) និងថ្នាលបណ្ដុះសហគ្រិនភាព ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងនវានុវត្តន៍ឱ្យបានកាន់តែច្រើន និងដើម្បីបង្កើតជាសហគមន៍ធុរកិច្ច (Business community) មួយ ដែលជាប្រព័ន្ធអេកូឡូស៊ី កាន់តែពេញលេញ និងធន់ ឱ្យស្ដែងចេញជាសកម្មភាពអាជីវកម្ម សកម្មភាព ធុរកិច្ច និងសកម្មភាពវិនិយោគ នៅក្នុងមូលដ្ឋាន ដើម្បីឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត «លែងឱ្យខេត្តកំពង់ធំជាកន្លែងដែលទៅហួសមកហួស ទាំងការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងគម្រោងអភិវឌ្ឍ»។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់សហគ្រិនទាំងអស់ក្នុងខេត្តកំពង់ធំ ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងត្រូវចេះមើលឱកាស ចេះស្គាល់ឱកាស និងចេះប្រើឱកាសនិងសក្តានុពលរបស់ខេត្តកំពង់ធំក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ពិសេសស្រូវ ស្វាយចន្ទី ដំឡូងមី និងការចិញ្ចឹមសត្វនិងត្រី ដើម្បីបង្កើតមុខរបរនិងវិនិយោគលើអ្វីដែលអាចរីកទៅមុខបាន និងម្ខាងពាក់ព័ន្ធ ទៅនឹងអ្វីដែលជាទំនាក់ទំនង Spill Over Effect នៃ Business ឬការវិនិយោគ ផ្សេងៗរបស់អ្នកមកពីខាងក្រៅ ទាំងបរទេសក្តី និងក្នុងស្រុកក្តី ពិសេសគម្រោងវិនិយោគធំៗទាំងសាធារណៈ និងឯកជន ដូចជាគម្រោងចិញ្ចឹមស្វា, គម្រោងចិញ្ចឹមគជ់ខ្យង់, គម្រោងអភិវឌ្ឍសួនឧស្សាហកម្ម ស្វាយចន្ទី, គម្រោងតំបន់សេដ្ឋកិច្ចពិសេស និង គម្រោងអភិវឌ្ឍវិស័យទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញភ្ជាប់ទៅ ក្រុងស្ទឹងសែនជាដើម និងម្ខាងទៀត ដើម្បីពង្រីកអ្វីដែលជាមូលដ្ឋានរបស់ខ្លួន ដែលគេហៅ Backward Linkage និង SME Clustering។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំថា រដ្ឋបាលខេត្តកំពង់ធំ និងសមត្ថកិច្ចពាក់ព័ន្ធ មានភារកិច្ចផង និងកាតព្វកិច្ចផង ក្នុងការផ្តល់ការគាំទ្រដល់អ្នករកស៊ី និងអ្នកធ្វើអាជីវកម្មនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាជាមួយនឹងក្រុមការងារ ក្នុងការបង្កើតបានជាប្រព័ន្ធមួយប្រកបដោយសហថាមពល ដើម្បីរុញសេដ្ឋកិច្ចខេត្តកំពង់ធំឱ្យរីកចម្រើនខ្លាំងក្លានិងអាចក្លាយជាចន្ទល់សេដ្ឋកិច្ចរបស់ប្រទេសតែម្តង ក្នុងរយៈពេល ពី១០ ទៅ ២០ឆ្នាំទៀត ដែលនេះហើយ គឺជាវឌ្ឍនភាព និងវិបុលភាពនៃខេត្តកំពង់ធំ៕