ក្រឡាប់ឡានដឹកប្រេងម៉ាស៊ូតចំណុះ ៩,០០០ លីត្រ ក្នុងខេត្តនគររាជសីមា ប្រទេសថៃ បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស
នគររាជសីមា, ថៃឡង់ដ៍៖ កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា រថយន្តដឹកប្រេងម៉ាស៊ូតចំណុះ ៩,០០០ លីត្រមួយគ្រឿង បានក្រឡាប់នៅលើផ្លូវមិត្តភាព (Mittraphap) ក្នុងឃុំទេពផាឡៃ (Thephalai) ស្រុកខុង (Khong) ខេត្តនគររាជសីមា ប្រទេសថៃ នៅជិតចំណុចស្តុបបានវ៉ាត់ (Ban Wat) ។
អាជ្ញាធរ ឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងដោយសារតែអ្នកបើកបរងងុយដេកមួយភាំងអំឡុងកំពុងបើកបរនៅតាមផ្លូវ បន្ទាប់ពីបានធ្វើដំណើរដឹកជញ្ជូនប្រេងជាច្រើនជើងជាប់ៗគ្នា រហូតបណ្តាលឱ្យរថយន្តរត់ទៅបុកដើមឈើ និងបង្គោលភ្លើង រួចក៏ក្រឡាប់ និងហូរប្រេងរាយប៉ាយពាសពេញផ្លូវតែម្ដង ។
ហេតុការណ៍នេះ បានបណ្ដាលឱ្យមនុស្ស ៣ នាក់រងរបួសស្រាល ដែលរួមមាន ប្រពន្ធ កូនស្រី និងចៅស្រីរបស់អ្នកបើកបរ ហើយពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខុង (Khong) ។
គ្រោះថ្នាក់នេះ កើតឡើងចំពេលដែលអាជ្ញាធរថៃ បានអនុញ្ញាតជាបណ្ដោះអាសន្នឱ្យរថយន្តដឹកជញ្ជូនប្រេងឥន្ធនៈទាំងអស់ អាចធ្វើចរាចរណ៍បាន ២៤ ម៉ោងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ២០ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាជនដែលកំពុងផ្អើលឈូឆរទិញប្រេងទុក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thai Enquirer