រកឃើញប្រភេទថ្មី និងកម្រជាច្រើននៅតំបន់ភ្នំថ្មកំបោរ នៅខេត្តបាត់ដំបង
បាត់ដំបង៖ យោងតាមរបាយការណ៍ស្តីពី ការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរ នៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង៦០ នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបង នៃប្រទេសកម្ពុជា បានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការចុះសិក្ដាស្រាវជ្រាវនេះដឹកនាំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់។ ការចុះសិក្សានេះបានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន ៣ប្រភេទ រួមមាន សត្វតុកកែភ្នំកំពីងពួយ ជីងចក់ភ្នំខ្ពស់ និងជីងចក់ស្លឹកបាត់ដំបង ប្រភេទខ្យង ២ប្រភេទ ខ្យងឧទយាទិត្យ និងខ្យងប្រភេទម្រើមព្រះ ២ប្រភេទ ដែលប្រភេទថ្មីទាំង៧នេះត្រូវបានបោះពុម្ពផ្សាយជាសាធារណ: ខណៈដែលតុកកែថ្មីចំនួន ៣ប្រភេទទៀត និងប្រភេទពស់ pit viper កំពុងត្រូវបានកំណត់អត្តសញ្ញាណ។
ការស្រាវជ្រាវនេះ ក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រួមមាន សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វាត្រោស ក្ងោក និងសត្វកែះ ជាដើម ដែលបង្ហាញពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកទាំងនេះ។ តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការជីកយករ៉ែ ការគ្រប់គ្រងសកម្មភាពទេសចរណ៍មិនត្រឹមត្រូវ ភ្លើងឆេះព្រៃ ការកាប់ព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវដ៏មានសារ:សំខាន់នេះបង្ហាញជាថ្មីម្តងទៀតថា កម្ពុជាគឺជាប្រទេសដែលមានភាពសម្បូរបែបនៃធនធានធម្មជាតិ និងជីវជម្រុះដែលមានតម្លៃទាំងនៅក្នុងស្រុក និងសម្រាប់សកលលោក។ ប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា មិនត្រឹមតែជាទីជម្រកនៃប្រភេទសត្វកម្រ និងប្រភេទថ្មីៗសម្រាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវតម្លៃផ្នែកវប្បធម៌ ប្រពៃណី និងសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋានផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងការការពារ និងការគ្រប់គ្រងធនធានទាំងនោះប្រកបដោយនិរន្តរភាព។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ ដើម្បីធានាថា ការអភិវឌ្ឍមានតុល្យភាពជាមួយនឹងការអភិរក្ស ជាលទ្ធផលបេតិកភណ្ឌធម្មជាតិ ត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ។
កញ្ញា ធី សុធារ៉ែន មន្ត្រីសម្របសម្រួលផ្នែកជីវ:ចម្រុះគម្រោងតំបន់ទេសភាពភ្នំថ្មកំបោរ បានរៀបរាប់ថា តំបន់ទេសភាពភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជាគឺជាកំណប់ដ៏អាថ៌កំបាំងនៃវិទ្យាសាស្ត្រដែលកំពុងរង់ចាំការស្រាវជ្រាវ។ ក្រៅពីនៅអាចមានវត្តមានប្រភេទល្មូន និងខ្យងដែលមិនទាន់រកឃើញ ឬក៏រូងភ្នំដែលលាក់បាំងខ្លួន ក៏អាចនៅមានអ្វីៗជាច្រើនណាស់ដែលយើងមិនដឹងអំពីប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសនេះ និងប្រភេទជីវៈចម្រុះដែលរស់នៅក្នុងតំបន់នោះ។
មន្ត្រីសម្របសម្រួលផ្នែកជីវ:ចម្រុះ បានព្រមានថា បើគ្មានការគ្រប់គ្រងប្រកបដោយចីរភាពទេ ប្រហែលជាបាត់បង់ឱកាសរកឃើញនូវអ្វីៗដ៏ពិសេសដែលមាននៅតំបន់ទាំងនេះ។ តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលកើតចេញពីកត្តាមនុស្ស ហើយប្រភេទជីវៈចម្រុះសំខាន់ៗក៏អាចផុតពូជមុនពេលវាត្រូវបានគេរកឃើញ និងកត់ត្រា។ កញ្ញាបាននិងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក ដើម្បីពង្រឹងការការពារតំបន់ទេសភាពទាំងនេះ ដោយអាទិភាពទីមួយគឺផ្តោតលើការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយចីរភាព។ របាយការណ៍សិក្សាស្រាវជ្រាវជីវៈចម្រុះនេះផ្តោតទៅលើក្រុមប្រភេទសត្វសំខាន់ៗ មានដូចជា ប្រភេទសត្វប្រចៀវ ឧរង្គសត្វ (ល្មូន) និងថជលិកសត្វ (កង្កែប) ប្រភេទខ្យង សត្វឥតឆ្អឹងកងក្នុងរូង និងរួមបញ្ចូលការសិក្សាដោយម៉ាស៊ីថតស្វ័យប្រវត្ត (ផ្តោតលើថនិកសត្វ និងប្រភេទសត្វស្លាបលើគោក)៕