ពលរដ្ឋថៃ ចេញតវ៉ានៅមុខវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក ដើម្បីដាក់សម្ពាធរដ្ឋាភិបាលឱ្យចាត់វិធានការជាបន្ទាន់ ចំពោះបញ្ហាតម្លៃថាមពល
ថៃឡង់ដ៍៖ កាលពីថ្ងៃទី២៣ ខែមីនា បណ្តាញអង្គការសង្គមស៊ីវិល សហជីពកម្មករ និងអង្គការនិស្សិតសរុបជាង ១៥ ក្រុម បានប្រមូលផ្ដុំគ្នានៅមុខវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក ប្រទេសថៃ។ គោលបំណងចម្បងនៃការជួបជុំនេះ គឺដើម្បីដាក់សម្ពាធ និងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ចំពោះបញ្ហាតម្លៃថាមពលដែលកំពុងកើនឡើងយ៉ាងគំហុក ។
ក្រុមអ្នកតវ៉ា បានរិះគន់យ៉ាងធ្ងន់ៗលើការគ្រប់គ្រងវិស័យថាមពលបច្ចុប្បន្ន ដោយពួកគេយល់ថា មិនមានតម្លាភាពសម្រាប់ប្រជាជន ដោយមានតែគោលនយោបាយដែលលម្អៀងទៅរកផលប្រយោជន៍ក្រុមហ៊ុនធំៗ។ ពួកគេសង្កត់ធ្ងន់ថា ភាពអយុត្តិធម៌ក្នុងការបែងចែកព័ត៌មាន និងផលចំណេញពីថាមពល កំពុងតែធ្វើឱ្យគម្លាតសង្គមកាន់តែរីកធំឡើងៗ ។
បញ្ហាចម្បងមួយដែលបានលើកឡើងក្នុងការតវ៉ានេះ គឺរចនាសម្ព័ន្ធពន្ធដារលើប្រេងឥន្ធនៈ ដែលមានភាពស្មុគស្មាញ និងមានការយកពន្ធត្រួតគ្នាជាច្រើនដំណាក់កាល។ បញ្ហានេះ រួមផ្សំជាមួយនឹងការឡើងថ្លៃនៃឧស្ម័ន បានធ្វើឱ្យតម្លៃទំនិញលើទីផ្សារហក់ឡើងខ្ពស់ ដោយបង្កការលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋដែលមានចំណូលក្នុងកម្រិតថេរ ឬចំណូលតិចតួច ។
នៅក្នុងញត្តិដែលផ្ញើទៅកាន់រដ្ឋាភិបាល ក្រុមសង្គមស៊ីវិលបានស្នើឱ្យមានការត្រួតពិនិត្យតម្លៃសាំងនៅតាមស្ថានីយឱ្យបានតឹងរ៉ឹង និងរៀបចំរចនាសម្ព័ន្ធពន្ធឡើងវិញ។ លើសពីនេះ ពួកគេក៏បានជំរុញឱ្យរដ្ឋាភិបាលងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈពីបរទេស ។
ជាការឆ្លើយតប មន្ត្រីតំណាងការិយាល័យនាយករដ្ឋមន្ត្រី បានទទួលយកសំណើទាំងនោះ និងសន្យាថានឹងដាក់ជូនថ្នាក់ដឹកនាំកំពូលដើម្បីពិនិត្យ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thai Enquirer