ព័ត៌មានអន្តរជាតិ

ឡាវជំរុញឱ្យសិស្ស និងគ្រូបង្រៀនផ្លាស់ប្ដូរមកជិះកង់ ឬប្រើប្រាស់មធ្យោបាយសាធារណៈ ដើម្បីជួយសន្សំសំចៃថាមពល

image

ឡាវ៖ ក្រសួងអប់រំ និងកីឡានៃប្រទេសឡាវ បានចេញសេចក្តីណែនាំថ្មីមួយកាលពីថ្ងៃទី២០ ខែមីនា ដោយជំរុញនិងអំពាវនាវឱ្យសិស្សានុសិស្ស និងគ្រូបង្រៀនផ្លាស់ប្តូរទម្លាប់ធ្វើដំណើរ ដោយងាកមកជិះកង់ ឬប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈវិញ។ វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិប្រេងឥន្ធនៈដែលកំពុងកើតមាននៅទូទាំងប្រទេស ដែលតម្រូវឱ្យមានការសន្សំសំចៃជាអតិបរមា ។

ការផ្លាស់ប្តូរនេះកើតឡើងស្របពេលដែលរដ្ឋាភិបាលសម្រេចឱ្យសាលាមត្តេយ្យ និងសាលាចំណេះទូទៅ ត្រឡប់មកបើកថ្នាក់រៀនវិញ ពេញ ៥ ថ្ងៃក្នុងមួយសប្តាហ៍ បន្ទាប់ពីមានការប្រែប្រួលគោលនយោបាយយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង។ កាលពីមុន រដ្ឋមានគម្រោងកាត់បន្ថយម៉ោងរៀនដើម្បីសន្សំសាំង ប៉ុន្តែរដ្ឋាភិបាលយល់ឃើញថាការសិក្សារបស់កុមារមានសារៈសំខាន់ខ្លាំង ទើបសម្រេចឱ្យរៀនធម្មតាវិញ ។

ចំពោះកម្រិតឧត្តមសិក្សា និងសកលវិទ្យាល័យ វិធានការកាត់បន្ថយថ្ងៃរៀននៅតែបន្តអនុវត្តដដែល ដោយចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៦ តទៅ និស្សិតនឹងត្រូវរៀនត្រឹមតែ ៣ ថ្ងៃក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃដែលត្រូវរៀននោះ គឺត្រូវរៀនពេញមួយថ្ងៃតែម្តង ដើម្បីធានាថាខ្លឹមសារមេរៀនមិនបាត់បង់ ។

ក្រសួងក៏បានបើកផ្លូវឱ្យគ្រឹះស្ថានសិក្សាដែលមានសមត្ថភាពបច្ចេកទេស អាចរៀបចំការបង្រៀនតាមបែបចម្រុះ ដែលរួមមានការរៀនផ្ទាល់ និងតាមអនឡាញ។ វិធីសាស្ត្រនេះ ត្រូវគេជឿជាក់ថា នឹងជួយកាត់បន្ថយការធ្វើដំណើររបស់និស្សិត និងគ្រូ ដែលនាំឱ្យការប្រើប្រាស់ប្រេងឥន្ធនៈធ្លាក់ចុះ ប៉ុន្តែនៅតែអាចតាមដានសកម្មភាពសិក្សាបានយ៉ាងច្បាស់លាស់ ។

ជារួម វិធានការទាំងអស់នេះ គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវ ក្នុងការរក្សាតុល្យភាពរវាង «ការបន្តនិរន្តរភាពនៃវិស័យអប់រំ និងការដោះស្រាយវិបត្តិសេដ្ឋកិច្ច‍ដែលបង្កឡើងដោយកង្វះខាតថាមពល»។ អាជ្ញាធរនឹងបន្តតាមដានស្ថានភាពនេះយ៉ាងដិតដល់ ដើម្បីអាចកែសម្រួលគោលនយោបាយឱ្យសមស្របតាមស្ថានភាពជាក់ស្តែងនៃទីផ្សារប្រេង ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ The Laotian Times