ព័ត៌មានជាតិ

គម្រោងស្ដារប្រឡាយបុរាណ របស់អាជ្ញាធរជាតិអប្សរា ដែលស្ថិតក្នុងឃុំដូនកែវ បានផ្ដល់ប្រយោជន៍សំខាន់លើការ អភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងរក្សាទឹកទុកស្រោចស្រពដំណាំរបស់ពលរដ្ឋ

image

សៀមរាប៖ រយៈពេល២ឆ្នាំមកនេះ គម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេស នូវែលហ្សេឡង់ បានយកចិត្តទុកដាក់ទៅលើការងារស្ដារប្រឡាយទឹកបុរាណចំនួន ២ខ្សែ មានប្រវែង សរុប៤៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ 

យោងតាមការឱ្យដឹងពីមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ប្រឡាយទឹកបុរាណទាំងពីរខ្សែនេះ បានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែកក្នុងការងារអភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងជាប្រព័ន្ធរំដោះទឹកជំនន់ចេញពីតំបន់អង្គរ និងក្រុងសៀមរាប ព្រមទាំងជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋផង។ ប្រឡាយ២ខ្សែនេះ ក៏មានតួនាទីជួយរក្សាទឹកទុកសម្រាប់ពលរដ្ឋក្នុងឃុំ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ផលនេសាទ ព្រមទាំងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។ 

បច្ចុប្បន្ននេះ មានពលរដ្ឋក្នុងភូមិមួយចំនួន កំពុងទទួលប្រយោជន៍ដោយផ្ទាល់ពីគម្រោងស្ដារប្រឡាយបុរាណ២ខ្សែនេះ ដូចជា ភូមិគោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក។ ជាមួយគ្នានេះ មានពលរដ្ឋនៅភូមិខ្លះទៀត ក៏ទទួលផលដោយប្រយោលពីប្រឡាយបុរាណនេះដែរ ដូចជា ភូមិនគរក្រៅ ភូមិគោកបេង ភូមិគោកពោធិ៍ ភូមិរហាល ភូមិពាម និងភូមិតាស្នែ ជាដើម។

ដើម្បីជាការរួមចំណែកក្នុងការគ្រប់គ្រងទឹកនៅក្នុងភូមិសាស្ត្រឃុំដូនកែវ ស្រុកពួកនេះឱ្យកាន់តែមានប្រសិទ្ធភាព គម្រោង AWR ក៏បានធ្វើការសាងសង់សំណង់ធារាសាស្ត្រមួយចំនួននៅតាមបណ្តោយប្រឡាយទាំងនេះថែមទៀត ដូចជា សំណង់ទ្វារទឹកថ្មីចំនួន ៤កន្លែង សំណង់បង្ហៀរ ១កន្លែង និងជួសជុលទំនប់សងខាងប្រឡាយប្រវែង១០០០ម៉ែត្រ ផងដែរ៕