មនុស្ស ២នាក់បានស្លាប់ និង ៥ នាក់បានរងរបួស ខណៈ ៦នាក់ទៀត កំពុងបាត់ខ្លួន ក្នុងករណីលិចទូកស្មាច់មួយគ្រឿង នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ
កណ្តាល៖ មានករណីលិចទូកស្មាច់ ដែលផ្ទុកមនុស្សសរុប ១៣នាក់ ក្នុងនោះ បណ្តាលឱ្យមានអ្នកស្លាប់ អ្នកបាត់ខ្លួន និងអ្នករងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦ នៅចំណុចភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ព្រំប្រទល់ជាមួយឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឱ្យដឹងថា មានអ្នកស្លាប់ ២នាក់ ជាមនុស្សស្រី និងបាត់ខ្លួនមនុស្ស ៦នាក់(ប្រុស ៣ និងស្រី ៣នាក់) ជួយសង្រ្គោះបានមនុស្ស ៥នាក់ រួមមាន ១-ឈ្មោះ ហ៊ឹម សោ ភេទស្រីអាយុ ៦៧ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង(ស្លាប់) រកឃើញសព, ២-ឈ្មោះហាក់ ពេជ្រ ភេទស្រីអាយុ ៤៤ឆ្នាំ នៅភូមិព្រៃក្ដួចឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ (ស្លាប់) រកឃើញសព។ ៣-កុមារី ឈ្មោះ ធន់ស្រីពេជ្រ អាយុ ៥ឆ្នាំ, ៤-កុមារី ឈ្មោះ វុន កញ្ញា អាយុ ៨ឆ្នាំ, ៥- កុមារា ឈ្មោះ វុន បញ្ញាអាយុ ៦ឆ្នាំ, ៦-កុមារា ឈ្មោះ វុន វិច្ឆិកា អាយុ ៦ឆ្នាំ , ដោយកុមារា កុមារីទាំង ៤នាក់ រស់នៅជាមួយគ្នា ក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បាត់ខ្លួន)។ ៧-ឈ្មោះ ស៊ុន ស្រីសឿន ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (បាត់ខ្លួន), ៨-កុមារា ឈ្មោះ ដា លិ អាយុ ៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រយូង ស្រុកត្រាំកក់ខេត្តតាកែវ (បាត់ខ្លួន), ៩-ឈ្មោះ មាស សារ៉េត ភេទស្រីអាយុ៥៩ឆ្នាំ,១០- ឈ្មោះ ចិន ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ ,១១-កុមារា ឈ្មោះ វុន សុខគា អាយុ៩ឆ្នាំ អ្នកទាំងបី រស់នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (រងគ្រោះ-សម្រាកព្យាបាលនៅមណ្ឌលសុខភាពកោះដាច់)។ ១២-ឈ្មោះ ចាន់ សុជាតិ ភេទស្រីអាយុ៤៩ឆ្នាំ, ១៣-ឈ្មោះ តន់ វុន ភេទស្រីអាយុ៤២ឆ្នាំ អ្នកទាំងពីររស់ នៅភូមិស្វាយជ្រុំ ឃុំរលាប្អៀ ស្រុករលាកប្អៀ ខេត្តកំពង់ឆ្នាំង។(រងគ្រោះសម្រាប់ព្យាបាលនៅមណ្ឌលសុខភាពកោះដាច់)។
ដោយឡែក ឈ្មោះ ខុំ ឃាន់ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាអ្នកបើកបរទូកស្មាច់ដឹកជនរងគ្រោះ ពុំមានរងរបួសទេ។
សមត្ថកិច្ច កំពុងបន្តស្វែងរក ជនរងគ្រោះដែលបាត់ខ្លួនទាំង ៦នាក់ នៅក្នុងទន្លេមេគង្គលើ។
តាមសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ច គឹបណ្ដាលមកអ្នកបើកបរទូកស្មាច់ ផ្ទុកមនុស្សលើសចំណុះ ខ្វះការប្រុងប្រយ័ត្ន៕
អត្ថបទ៖ ឈុន សុភ័ក្រ