រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នា នារដ្ឋធានីហាណូយ
ហាណូយ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបពិភាក្សាជាមួយលោកស្រី បួយ ធីមិញហ៊យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ក្នុងជំនួបពិភាក្សា ភាគីទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមកដោយបានលើកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរ ក៏បានចែករំលែកនូវបទពិសោធន៍ការងារ និងបានរាយការណ៍អំពីវឌ្ឍនភាពការងាររវាងរណសិរ្សប្រទេសរៀងៗខ្លួន ដែលអនុវត្តនាពេលកន្លងមកទទួលបានលទ្ធផលគួរជាទីមោទនៈ។
កិច្ចព្រមព្រៀងនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបន្តលើកកម្ពស់នូវកិច្ចសហ ប្រតិបត្តិការ នៃប្រទេសទាំងពីរលើវិស័យ ជាពិសេសពង្រឹងពង្រីកនូវភាពជិតសិទ្ធ និងទំនាក់ទំនងល្អនៃអ្នកជិតខាងល្អ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំរវាងរណសិរ្សនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ផងដែថា នៅឆ្នាំ២០២៧ ជាឆ្នាំប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧) រណសិរ្សទាំងពីរនឹងសម្របសម្រួលដើម្បីរៀបចំពិធីអបអរសាទរតាមស្ថានភាពជាក់ស្ដែង៕
អត្ថបទ៖ វង សុភ័ក្ត្រ