កុំភ្លេចចូលរួម! សល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នឹងចាប់ផ្តើមដំណើរការ
ក្រចេះ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នឹងចាប់ផ្តើមដំណើរការជាផ្លូវការ។
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នាពេលខាងមុខនេះ នឹងមានព្រឹត្តិការណ៍អមជាច្រើនទៀត រួមមាន៖
១.ពិធីរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន
២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្ញើក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក
៣. កម្មវិធីព្រលែងត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេ និងបួងសួងសុំសេចក្ដីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព,
៤. ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលទេសចរណ៍ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ
៥. ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ,
៦. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ និង
៧. កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើងដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។
ពិធីបុណ្យទន្លេ ប្រារព្ធឡើង ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់បានចូលរួមកម្សាន្តជាមួយនឹងសកម្មភាពមួយចំនួន ដូចជា សកម្មភាពកីឡា ការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ការអុជកាំជ្រួច និងមានការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាមហោរស្រពម្ហូបអាហារ។
គួររំលឹកផងដែរថា បុណ្យទន្លេលើកទី១ បានប្រារព្ធឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍសហគមន៍»ដែលមានអ្នកចូលរួមកម្សាន្តជាង ១០ម៉ឺននាក់៕