តុលាការសម្រេចឃុំខ្លួនស្ត្រីដែលត្រូវបានអះអាងថា ជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ខណៈកូនអភិបាលស្រុកកងមាស ត្រូវបានដោះលែង
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រីម្នាក់ ដែលអះអាងថា ជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌឫស្សីកែវ យកទៅឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំចំណាត់ការតាមនីតិវិធីបន្ត ខណៈកូនអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើស។
សូមជម្រាបថា ស្ដ្រីអ្នកបើកបរ រួមនឹងបុរសដែលគេស្គាល់ថា ជាកូនអភិបាលស្រុកកងមាស បានបើករថយន្ដបុកអ្នកធ្វើដំណើរតាមដងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយមកបុរសដែលជាកូនអភិបាលស្រុក ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបោះសម្ដីថា «បើងាប់សង២ម៉ឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃរហូតបែកក្បាល។ ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា រថយន្ដបង្កម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញកាមេរ៉ាសុវត្ថិភាព ដែលបញ្ជាក់ថា កូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម មិនមែនជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលគឺ អ្នកបើកបរគឺជាស្ដ្រីម្នាក់។ បើមើលតាមស្ថានភាពជាក់ស្ដែង បុរសខាងលើមិនអាចបើករថយន្ដបានឡើយ ដោយសារតែស្ថានភាពស្រវឹងជោគជាំ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ កូនអភិបាលស្រុក ត្រូវគេគ្រាដាក់លើរថយន្ត ហើយស្ត្រីម្នាក់ទៅជាមួយគ្នា ជាអ្នកចូលបើរថយន្ត រួចបានបង្កគ្រោះថ្នាក់បុកក្មេងប្រុសម្នាក់បណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៕