រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលើគោលនយោបាយគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងស្តីពី “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីព្រាង “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា”មានគោលបំណង ១. ផ្តល់ដំណោះស្រាយជាយុទ្ធសាស្ត្រ និងមានលក្ខណៈជាប្រព័ន្ធ, ២. ជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាពទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម, ៣. រៀបចំប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់តាមរយៈការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, និង៤. ពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីកាត់បន្ថយភាពអនាថា, លើកកម្ពស់ជីវភាព ស្តារនីតិសម្បទា, និងជំរុញការធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញតាមរយៈការបង្កើតយន្តការកំណត់អត្តសញ្ញាណច្បាស់លាស់។
លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៥ នឹងក្លាយជាក្របខណ្ឌរួម ដែលចង្អុលបង្ហាញនូវដំណោះស្រាយជាយុទ្ធសាស្ត្រ និងយន្តការនានា សម្រាប់តម្រង់ទិសដល់ភាគីពាក់ព័ន្ធគ្រប់កម្រិតលើការងារគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថាទូទាំងប្រទេស។
សេចក្តីព្រាង «អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម» ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកំណត់អំពីវិធាន និងគោលការណ៍នៃការបញ្ជាក់ចំណាយ ដើម្បីធានាឱ្យបាននូវសុក្រឹត្យភាព តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការទូទាត់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម។ សេចក្តីព្រាងអនុក្រឹត្យនេះ បានកំណត់នូវគោលការណ៍សំខាន់ៗមួយចំនួន ដែលជាក្របខណ្ឌរួមនៃការរៀបចំ ពោលគឺ ១. ការកំណត់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយជាអង្គភាពតែមួយគត់ ដែលមានសមត្ថកិច្ចអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម។ ២. ការប្រើប្រាស់ប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ជាអភិក្រមក្នុងការបញ្ជាក់ចំណាយ។ ៣. ការដាក់ចេញជាក់លាក់នូវវិធានការ និងការហាមឃាត់ចំពោះការស្នើសុំទូទាត់ចំណាយរបស់ភាគីផ្តល់សេវា ដែលមិនស្របតាមគោលការណ៍ដែលបានដាក់ចេញ។ និង ៤. ការបង្កើតយន្តការដោះស្រាយវិវាទបញ្ជាក់ចំណាយ៕