រដ្ឋមន្ត្រីកិច្ចការនារី អំពាវនាវដល់ស្ត្រីសហគ្រិន ត្រូវបន្តអភិវឌ្ឍសមត្ថភាព និងពង្រឹងសមត្ថភាពធន់ ក្នុងការឆ្លើយតបនឹងការវិវត្តថ្មីៗនៅក្នុងសង្គម ខណៈពិភពលោកបច្ចុប្បន្ន កំពុងមានភាពតានតឹង
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ មានប្រសាសន៍ថា ខណៈពេលពិភពលោកបច្ចុប្បន្នកំពុងមានភាពតានតឹង ភាពមិនប្រាកដប្រជា និងមានជម្លោះប្រដាប់អាវុធនៅតាមតំបន់មួយចំនួន រួមទាំងការវិវត្តយ៉ាងលឿននៃរបត់សេដ្ឋកិច្ច ដែលបន្តបង្កើតឱ្យមានបញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រិនស្ត្រីផងដែរ, ការណ៍នេះ លោកស្រី អំពាវនាវដល់ស្ត្រីសហគ្រិន ត្រូវបន្តអភិវឌ្ឍសមត្ថភាព សាមគ្គីភាព គាំទ្រគ្នាទៅវិញទៅមក ថែរក្សាសុខុមាលភាពរបស់អាជីវកម្ម និងផ្ទាល់ខ្លួន ជា ពិសេសពង្រឹងសមត្ថភាពធន់ ក្នុងការឆ្លើយតបនឹងការវិវត្តថ្មីៗនៅក្នុងសង្គម។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផែនការទិសដៅឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ឆ្នាំទី១៤ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ “ស្ត្រីរួមគ្នាដើម្បីភាពរីកចម្រើន និងចីរភាព”។
ជាមួយគ្នានោះ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងមានភាពតានតឹងនៅតាមតំបន់ព្រំដែនមួយចំនួន ហើយប្រជាជនកម្ពុជាបានបង្ហាញសាមគ្គីភាពយ៉ាងមុតមាំ ក្នុងការគាំទ្រ ផលិតផលក្នុងស្រុក, លោកស្រី អ៉ឹង កន្ថាផាវី បានលើកទឹកចិត្តឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា និងសហគ្រិនស្ត្រីទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព និងស្តង់ដារផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្នុងនាមជាសហគ្រិនកម្ពុជា ដើម្បីកសាង និងរក្សាឱ្យបាននូវទំនុកចិត្តពីសំណាក់អតិថិជន ទាំងក្នុងជាតិ និងអន្តរជាតិ។
លោកស្រីរដ្ឋមន្ត្រី មានប្រសាសន៍ថា ស្ត្រីពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យមានភាពរីកចម្រើន។ ស្ត្រីកម្ពុជាបានចូលរួមក្នុង អត្រាមួយខ្ពស់ ក្នុងវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងទ្រទ្រង់កំណើន សេដ្ឋកិច្ចជាតិ។
ជាក់ស្តែង យោងតាមរបាយការណ៍ជាតិជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ “មានសហគ្រាស ធុនមីក្រូ តូចនិងមធ្យម ចំនួន ជាង៧៥ម៉ឺនមូលដ្ឋាន (៧៥៣.៦៧០) មានកម្លាំងពលកម្មសរុបជិត៣លាននាក់ (២.៩៨០.៥៦៩) ក្នុងនោះស្ត្រី ប្រមាណ ៦១,៧%។ នៅក្នុងនោះ ស្ត្រីមាន ៦៩% ជាតំណាងអង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជា។
នៅកម្ពុជាវិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប ស្មើនឹង ៦៣% និងបានផ្តល់ការងារលើសពី ៧០% នៃការងារទាំងអស់ (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)”៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី