ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខជនជាតិខ្មែរ និងចិន ៩នាក់ ពាក់ព័ន្ធបទល្មើស ៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ

image

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន ៩នាក់ ជាសាធារណៈ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ជនសង្ស័យទាំងនេះ ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីទី១ បទល្មើសលួចមានទម្ងន់ទោសដោយការប្រើអំពើហិង្សា ជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាស្កបពី ១គ្រឿង របស់ស្ត្រីរងគ្រោះម្នាក់ នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ហើយពួកគេក៏រងការចោទប្រកាន់ពាក់ព័ន្ធរក្សាទុក និងដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតច្បាប់ ក្រោយសមត្ថកិច្ចដកហូតវត្ថុតាងមួយចំមួយចំនួនធំដែលបម្រើឲ្យការធ្វើសកម្មភាពបទល្មើសខុសច្បាប់។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា(ព្រួតវាយជនរងគ្រោះ ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាស្កបពី១គ្រឿង និងទូរសព្ទដៃ១គ្រឿង ពីជនរងគ្រោះ កាលពីថ្ងៃទីទី១៧ ខែមីនា ឆ្នាំ២០២៦ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ហើយពួកគេក៏ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ខណៈដែលសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន។

ករណីទី៣ បទល្មើសបង្ខាំងដោយខុសច្បាប់ជំរិតទារប្រាក់(ពុំបានសម្រេច) ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួចដោយមានស្ថានទម្ងន់ទោស កាលពីថ្ងៃទីទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕