ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ ៥០នាក់ ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា

image

ព្រះសីហនុ៖ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមាន សណ្ឋាគារ ជីនសា ហូលីដេ, វីឡាភូមិគ្រឹះ, អគារខុនដូរ ស៊ែង យូរ និង ផ្ទះជួល នៅសង្កាត់៤។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥០នាក់ ក្នុងនោះមានជនជាតិចិនចំនួន ៣៦, ជនជាតិខ្មែរចំនួន ៣នាក់), ជនជាតិឥណ្ឌា ៥នាក់, ជនជាតិបង់ក្លាដេស ៣នាក់, ជនជាតិប៉ាគីស្ថាន ២នាក់ និងស្ត្រីជនជាតិភូមា ១នាក់។ ទន្ទឹមនេះសមត្ថកិច្ចបានដកហូតវត្ថុតាង មានដូច ជាកុំព្យូទ័រលើតុ ទូរសព្ទដៃ និងកុំព្យូទ័រយួរដៃមួយចំនួន។

ក្រៅពីការបង្ក្រាបទីតាំងទាំង ៤ខាងលើ ក្រុមការងារបានចុះត្រួតពិនិត្យនៅកាស៊ីណូ ហ្គោលដិន ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ផងដែរ ដោយរកឃើញសម្ភារសង្ស័យពាក់ព័ន្ធនឹងការធ្វើ សកម្មភាពឆបោកតាមអនឡាញ រួមមាន កុំព្យូទ័រលើតុចំនួន ១៨៦គ្រឿង និងទូរសព្ទដៃចំនួន ១៥៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងដែរថា ការបោសសម្អាត Online Scams នៅទួទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព) សរុបចំនួន ២៣៦ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងមានដូចជា កាស៊ីណូ ចំនួន ៩១ ជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ទីតាំង។

យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ រយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ៧៩សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី និង សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀតផងដែរ៕