អគារស្នាក់នៅមួយកន្លែងក្បែរក្រុងហៃហ្វា ប្រទេសអ៊ីស្រាអ៊ែល រងនូវការវាយប្រហារ ប៉ុន្តែមិនមានរបាយការណ៍ថាមានមនុស្សស្លាប់ ឬរងរបួសឡើយ
អ៊ីស្រាអ៊ែល៖ ភាគីអ៊ីស្រាអ៊ែល ជឿថា ការវាយប្រហារដោយគ្រាប់បែកចង្កោម ដែលធ្លាក់ចំអគារស្នាក់នៅមួយកន្លែងក្បែរក្រុងហៃហ្វា (Haifa) គឺជាស្នាដៃរបស់អ៊ីរ៉ង់។ ទោះបីជាអគាររងការខូចខាតយ៉ាងធ្ងន់ធ្ងររហូតបាក់ជញ្ជាំងជាន់ខាងលើក៏ដោយ ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សរងរបួស ឬស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះឡើយ ។
ការវាយប្រហារកាលពីដើមសប្ដាហ៍នេះ គឺជាផ្នែកមួយនៃជម្លោះដែលកំពុងឆាបឆេះយ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈមកម្ល៉េះ។ កាលនោះ កងទ័ពអាម៉េរិក និងអ៊ីស្រាអ៊ែលបានបើកប្រតិបត្តិការរួមគ្នាដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ ក្នុងបំណងបង្ខំឱ្យអ៊ីរ៉ង់បញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ ។
ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលជាបន្តបន្ទាប់សំដៅទៅលើប្រទេសអ៊ីស្រាអ៊ែល និងមូលដ្ឋានទ័ពរបស់អាម៉េរិកដែលមាននៅតាមបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ហើយការប្រឈមមុខដាក់គ្នានេះ បានឈានដល់ចំណុចរបត់ដ៏ក្ដៅគគុក នៅពេលដែលមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមីនី (Ali Khamenei) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីពេលដែលសង្រ្គាមទើបតែចាប់ផ្ដើម ។
បច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់ស្ថិតក្រោមការដឹកនាំរបស់លោក ម៉ុចតាបា អាលីខាមីនី (Mojtaba Khamenei) ដែលជាកូនប្រុសរបស់អតីតមេដឹកនាំកំពូល ហើយលោកបានបន្តនយោបាយវាយបកទៅលើសត្រូវរបស់ខ្លួន។ រដ្ឋាភិបាលអ៊ីស្រាអ៊ែល និងអាម៉េរិក កំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពយោធារបស់អ៊ីរ៉ង់ ខណៈដែលពិភពលោកបារម្ភថា ជម្លោះនេះអាចនឹងរីករាលដាលកាន់តែធំ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY