ព័ត៌មានអន្តរជាតិ

មនុស្ស៣៤នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅប្រទេសកូឡុំប៊ី

image


កូឡុំប៊ី៖ ធ្លាក់យន្តហោះយោធា ហ៊័រឃូឡេស ស៊ី-១៣០ (Hercules C-130) របស់កងទ័ពអាកាសកូឡុំប៊ី កាលពីព្រឹកថ្ងៃចន្ទ ដោយបណ្ដាលឱ្យមានការឆាបឆេះយ៉ាងខ្លាំងនៅក្នុងតំបន់ព្រៃភ្នំ ខេត្តពូតូម៉ាយ៉ូ (Putumayo) នាភាគខាងត្បូងប្រទេស ។

ដោយសារតែអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងក្លា ទើបធ្វើឱ្យប្រតិបត្តិការសង្គ្រោះមានភាពលំបាកខ្លាំងនៅក្នុងតំបន់ព្រៃដាច់ស្រយាល។ តាមរបាយការណ៍ផ្លូវការ ឱ្យដឹងថា មនុស្សចំនួន ៣៤ នាក់បានស្លាប់នៅក្នុងសោកនាដកម្មនេះ ខណៈមនុស្ស ៧៧ នាក់ផ្សេងទៀតត្រូវក្រុមសង្គ្រោះជួយជីវិតទាន់ពេលវេលា ។

ហេតុការណ៍នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីយន្តហោះបានហោះចាកចេញពីព្រលានយន្តហោះព័រតូ ឡេហ្គីហ្សាម៉ូ (Puerto Leguizamo) ក្នុងបេសកកម្មដឹកជញ្ជូនកងទ័ព និងសម្ភារៈយោធា ដែលមានមនុស្សសរុប ១២៥ នាក់នៅលើយន្តហោះ ។

កងកម្លាំងយោធាបានដាក់ចេញនូវប្រតិបត្តិការសង្គ្រោះតាមអាកាស ដោយប្រើប្រាស់យន្តហោះជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យយោធាក្នុងទីក្រុងបូហ្គូតា (Bogota)។ ក្នុងនោះមានការដឹកជញ្ជូនមនុស្សចំនួន ៤៨ នាក់ តាមរយៈយន្តហោះ ហ៊័រឃូឡេស (Hercules) មួយគ្រឿងទៀត និងបញ្ជូនអ្នករបួសធ្ងន់តាមយន្តហោះខ្នាតតូច ដើម្បីទទួលបានការសង្គ្រោះបន្ទាន់ពីគ្រូពេទ្យជំនាញ ។

ក្រសួងការពារជាតិកូឡុំប៊ី បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះគ្រួសារជនរងគ្រោះដែលភាគច្រើនជាសមាជិកកងកម្លាំងប្រដាប់អាវុធ ខណៈមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់ពីសំណាក់អ្នកជំនាញអាកាសចរណ៍ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY