អ៊ីរ៉ង់ អះអាងថា ខ្លួនមិនចាំបាច់ប្រើមីនក្រោមទឹកដើម្បីការពារដែនសមុទ្រនោះទេ ព្រោះកងទ័ពអាកាស និងជើងទឹករបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ហើយ
អ៊ីរ៉ង់៖ មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ បានប្រកាសជាសាធារណៈអំពីអំណាចគ្រប់គ្រងពេញលេញរបស់ខ្លួន លើច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូស (Hormuz)។ ភាគីអ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនមិនចាំបាច់ប្រើប្រាស់មីនក្រោមទឹកដើម្បីការពារដែនសមុទ្រនោះទេ ព្រោះកងទ័ពអាកាស និងជើងទឹករបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតាមដាន និងត្រួតពិនិត្យរាល់ចលនាដែលកើតឡើងក្នុងតំបន់ឈូងសមុទ្រពែរ្ស និងដែនទឹកអូម៉ង់ ។
ទន្ទឹមនឹងការបង្ហាញសាច់ដុំយោធា អ៊ីរ៉ង់ក៏បានផ្ញើសារព្រមានទៅកាន់មហាអំណាចខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក ឱ្យបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការសន្តិសុខតំបន់។ អ៊ីរ៉ង់ជឿជាក់ថា កិច្ចសហការរវាងបណ្តាប្រទេសជិតខាងក្នុងតំបន់ គឺគ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាពផ្លូវទឹក ហើយវត្តមានរបស់កងទ័ពបរទេសមានតែបង្កឱ្យមានភាពមិនស្ថិតស្ថេរប៉ុណ្ណោះ ។
ដោយឡែក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញនូវសារផ្ទុយគ្នា ដោយលោកអះអាងថា ភាគីទាំងពីរបានចាប់ផ្តើមពិភាក្សាគ្នាជាសម្ងាត់ដើម្បីរកច្រកចេញនៃវិបត្តិនេះ។ លោក ត្រាំ ជឿជាក់ថាអ៊ីរ៉ង់កំពុងចង់បានកិច្ចព្រមព្រៀងថ្មីមួយយ៉ាងខ្លាំង ប៉ុន្តែការលើកឡើងនេះ ត្រូវបានក្រសួងការបរទេសអ៊ីរ៉ង់ចេញមុខបដិសេធភ្លាមៗ ដោយបញ្ជាក់ថាមិនមានការចរចាណាមួយបានកើតឡើងនោះឡើយ ។
ស្ថានភាពនេះ ហាក់កាន់តែមានភាពអាសន្ន បន្ទាប់ពីលោក ត្រាំ បានកំណត់ឱសានវាទដល់អ៊ីរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ជាបន្ទាន់ បើមិនដូច្នោះទេ ប្រទេសនេះនឹងរងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេស។ ការព្រមានកម្ទេចរោងចក្រថាមពលនេះ គឺជាសម្ពាធកម្រិតខ្ពស់បំផុតដែលអាម៉េរិកប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងការហក់ឡើងនៃតម្លៃថាមពលពិភពលោក ។
បច្ចុប្បន្ន ច្រកសមុទ្រ Hormuz បានក្លាយជាចំណុចក្តៅនៃជម្លោះភូមិសាស្ត្រនយោបាយ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ ខណៈអ៊ីរ៉ង់ប្រកាន់ជំហរបើកចំហច្រកសមុទ្រសម្រាប់តែប្រទេសជាមិត្ត និងបិទចំពោះប្រទេសជាសត្រូវ ស្របពេលសហរដ្ឋអាម៉េរិកក៏កំពុងព្យាយាមប្រមូលកម្លាំងពីសម្ព័ន្ធមិត្ត NATO ដើម្បីការពារផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយនេះឱ្យបាន ទោះបីជាត្រូវប្រើធម៌ក្តៅក៏ដោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Getty Image/ BBC