ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត ជំរុញឱ្យរដ្ឋបាលក្រុង-ស្រុក យកចិត្តទុកដាក់លើការប្រើប្រាស់កម្មវិធី «មតិយើង»

image

កំពត៖ កម្មវិធីទូរសព្ទដៃ «មតិយើង» ត្រូវបានក្រសួងមហាផ្ទៃរៀបចំឡើងគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត និងសម្រាប់ការទទួលការកត់ត្រាបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលរាជធានី-ខេត្ត ជំនួសឱ្យការកត់ត្រាដោយដៃ។ កម្មវិធីនេះក៏ជាការទំនាក់ទំនងដ៏ងាយស្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋបានដឹងពីចំណុចខ្វះខាតមួយចំនួនក្នុងការផ្ដល់ ការទទួលសេវាផ្សេងៗនាពេលកន្លងមក។

លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ “មតិយើង” នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងថា ការិយាល័យប្រជាពលរដ្ឋខេត្តកំពត ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្ត ទាំង១០គោលដៅ ដែលបានប្រកាសដាក់ឱ្យអនុវត្តសាកល្បងការប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ដើម្បីបង្កើនការយល់ដឹងដល់មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់បច្ចេកវិទ្យា និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ “មតិយើង” របស់ការិយាល័យប្រជាពលរដ្ឋខេត្តកំពត ចាប់អនុវត្តពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦តទៅ។

លោក ង៉ាន់ ថារិទ្ធ បានបន្តថា កម្មវិធីទូរសព្ទដៃ “មតិយើង” ផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋ ក្នុងការផ្តល់មតិយោបល់ វាយតម្លៃការផ្តល់សេវា ឬរាយការណ៍បញ្ហាផ្សេងៗបានលឿនរហ័ស និងមានភាពងាយស្រួលមិនបាច់ធ្វើដំណើរមកសាលាខេត្តក្រុងស្រុកទៀតឡើយ។ អាជ្ញាធរអាចទទួលបានព័ត៌មានពិតពីមូលដ្ឋាន ដើម្បីកែលម្អចំណុចខ្វះខាត និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាតាមរយៈទូរសព្ទ។

លោកអភិបាលរងខេត្តសង្ឃឹមថា ការិយាល័យប្រជាពលរដ្ឋខេត្ត និងអាចអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន ក្នុងការសម្រុះសម្រួលដោះស្រាយបណ្តឹង ឬបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកអភិបាលរងខេត្តក៏បានធ្វើការផ្តាំផ្ញើ និងអំពាវនាវដល់មន្ត្រីរាជការគ្រប់រូប ត្រូវបើកចិត្តឱ្យទូលាយទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ហើយត្រូវចាត់ទុកថាកម្មវិធីទូរសព្ទ “មតិយើង” ដែលជាកញ្ចក់ឆ្លុះសម្រាប់កែលម្អការងារ។ ទន្ទឹមនឹងនោះ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានដឹង និងចេះប្រើប្រាស់កម្មវិធីនេះឱ្យបានទូលំទូលាយ ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធីនេះដោយស្មារតីទទួលខុសត្រូវ និងផ្តល់ព័ត៌មានពិត ដើម្បីរួមគ្នាស្ថាបនាខេត្តកំពតឱ្យកាន់តែរីកចម្រើនបន្តទៀត។

យោងតាមរបាយការណ៍ លោក អ៊ីង សុខុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពត បាឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការិយាល័យប្រជាពលរដ្ឋខេត្ត ទទួលបានពាក្យបណ្ដឹងចំនួន ២៩ករណី និងព័ត៌មានផ្សេងៗចំនួន ៤៣ករណី សរុបចំនួន ៧២ករណី។ ដោយឡែកក្នុងឆ្នាំ២០២៦ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានពាក្យបណ្ដឹងចំនួន ៦ករណី។

លោកប្រធានការិយាល័យបានបន្តថា កន្លងមកការិយាល័យប្រជាពលរដ្ឋខេត្តកំពតមានភាពលេចធ្លោទាំងការងារផ្សព្វផ្សាយ និងការដោះស្រាយបណ្តឹង ដែលស្ថានភាពល្អប្រសើរនេះបានធ្វើឲ្យការិយាល័យទទួលបានការចូលរួមក្នុងការវាយតម្លៃជ្រើសរើស ជាការិយាល័យប្រជាពលរដ្ឋឆ្នើមឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ដោយទទួលបានជ័យលាភីលេខ៣ ទូទាំង ២៥រាជធានី-ខេត្ត។ ជាមួយគ្នានេះដែរ ដោយមានការដឹកនាំផ្ទាល់ពីសំណាក់ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យសកម្មភាពរបស់ការិយាល័យប្រជាពលរដ្ឋខេត្តដំណើរការល្អរលូន។ មិនតែប៉ុណ្ណោះការងារនេះ ទទួលបានការចូលរួមសហការល្អពីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនីមួយៗ ក្នុងការចូលរួមដោះស្រាយបណ្តឹងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ចំពោះការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន៕


អត្ថបទ៖ វង្ស សុធារម្យ