ព័ត៌មានជាតិ

វិថីអាហារខេត្តកំពត ដែលបង្កប់នូវវប្បធម៌ ប្រពៃណី ពិសេសម្ហូបអាហារ នំ ចំណីប្រពៃណីខ្មែរ នឹងបង្ហាញជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងពេលឆាប់ៗនេះ

image

កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានឱ្យដឹងថា វិថីអាហារខេត្តកំពតដែលនឹងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងបង្កប់នូវវប្បធម៌ ប្រពៃណីដ៏ផូរផង់របស់ខ្មែរលើសំណង់ និងអាជីវករដែលក់ដូរក្នុងវិថីនេះ ពិសេសការបង្ហាញអាហារ នំ ចំណី របស់ខ្មែររាប់រយមុខជូនភ្ញៀទេសចរជាតិ និងអន្តរជាតិ បានទទួលទាន និងបានស្គាល់នូវកេរ្តិ៍តំណែលសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងរសជាតិកើតចេញពីស្នាដៃអ្នកកំពត។ វិថីអាហារនេះនឹងធ្វើឱ្យខេត្តកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ម្ហូបអាហារដ៏ទាក់ទាញ។

លោក ម៉ៅ ធនិន បានលើកឡើងដូចនេះនៅក្នុងដំណើរចុះពិនិត្យវិថីអាហារក្រុងកំពត នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “ក្នុងបំណងទទួលស្វាគមន៍ទេសចរជាតិ អន្តរជាតិ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តនឹងចាប់បើកដំណើរការវិថីអាហារក្រុងកំពត ដោយអនុញ្ញាតឱ្យអាជីវករចូលលក់ដូរជាផ្លូវការនៅពេលឆាប់ៗខាងមុខ ស្របពេលដែលការសាងសង់ស្ទើរសម្រេចរួចរាល់ទាំងស្រុងហើយនោះ។ ដើម្បីត្រៀមលក្ខណៈបានល្អិតល្អន់ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំនូវបញ្ជីមុខម្ហូបអាហារនំចំណីសម្រាប់ដាក់ជូនបងប្អូនអាជីវករលក់ដូរនៅវិថីអាហារនេះ ដោយផ្តោតសំខាន់លើអាហារ នំ ចំណី ប្រចាំតំបន់នីមួយៗរបស់ខេត្ត ហើយអាជីវករដែលចូលលក់ដូរក្នុងវិថីអាហារទាំងអស់ក៏តម្រូវឱ្យមានការស្លៀកសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ”។

លោកអភិបាលខេត្ត បានបន្តថា ក្នុងចំណោមម្ហូបអាហារ និងនំចំណីទាំងនោះ ក៏ត្រូវដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈជាកេរដំណែលសម្បត្តិវប្បធម៌ប្រពៃណីជាតិ ពិសេសម្ហូបចំណីជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលជាប់ប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទិននឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា ការបង្កើតផ្សារវិថីអាហារមិនត្រឹមតែជាកន្លែងកម្សាន្តបន្ថែមថ្មីក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិ អមដោយការការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត អំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តក្នុងក្រុងកំពតនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងដែរថា វិថីអាហារខេត្តកំពតនេះ មិនត្រឹមតែជាកន្លែងលក់ម្ហូបអាហានំចំណីប៉ុណ្ណោះទេ តែក៏ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត ដែលបានបង្ហាញនូវគុណតម្លៃសម្បត្តិវប្បធម៌ជាតិខ្មែរ តាមរយៈរចនាបថអគារ និងសម្លៀកបំពាក់ ម្ហូបអាហារនំចំណីនៅក្នុងផ្សារនេះ។ អាគាររចនាបថខ្មែរនៅចំកណ្តាល អគារបេតិកភណ្ឌរាប់រយខ្នងដែលបន្សល់ពីសម័យបារាំង នឹងធ្វើឱ្យក្រុងកំពតក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារដ៏ឆ្ងាញ់ពិសា បដិសណ្ឋារកិច្ចល្អ និងទាក់ទាញបំផុតមួយក្នុងពេលដ៏ខ្លីខាងមុខនេះ៕


អត្ថបទ៖ វង្ស សុធារម្យ